រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អំពីក្រុងបាវិត

  • 5.3ពាន់
  • ដោយ Admin

១.អំពីក្រុងបាវិត

១.១ ប្រវត្ដិក្រុងបាវិត

បាវិត ដើមឡើយគឺជាភូមិមួយ ដែលមានមនុស្សរស់នៅតិចតួច ដែលជាវាលរាបសំបូរទៅដោយស្មៅ និងសត្វប្រវឹករស់នៅ ។ តាមឯកសារខ្លះបានរៀបរាប់ថា «ពាក្យបាវិត ក្លាយមកពីពាក្យថា ប្រវឹក» ពាក្យនេះប្រើប្រាស់ពេលដែលអ្នកបកប្រែភាសា ជនជាតិវៀតណាមនិយាយមិនច្បាស់ជាភាសាបារាំងថា «បាវឹក» ក្រោយមកក្លាយជា បាវិត ពេលបង្កើតឃុំ និងជាប់ងារនេះរហូតដល់បច្ចុប្បន្ន ។ អំឡុងពេលបារាំង​ធ្វើផ្លូវជាតិលេខ ១ ពីព្រៃនគរ មកភ្នំពេញ គឺបារាំងបាន ជ្រើសរើសធ្វើផ្លូវថ្នល់ជាតិទី១ កាត់តាមបាវិតនេះ មុនគេបង្អស់នៅឆ្នាំ១៩០៣ ។ ក្រោយពីមានផ្លូវ មនុស្ស បានរស់នៅតំបន់នេះច្រើន អំឡុងពេលនោះហើយ ដែលរាជការបារាំង ខ្មែរ បានរៀបចំបង្កើតជារដ្ឋបាល ឃុំបាវិត (ពាក្យកម្លាយពីប្រវឹក) នៅចន្លោះឆ្នាំ១៩១៩-១៩២២  ជាផ្លូវការ ។ ក្រោយពេលបង្កើតឃុំបាវិត ឃុំនេះស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយទាប តរៀងមក ។ ឆ្នាំ១៩៦៨ ឃុំបាវិត ត្រូវ បានដាក់បញ្ចូលឲ្យស្ថិតនៅការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រាវិញ និងនៅឆ្នាំ២០០៨ បាវិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាក្រុងបាវិត ដោយផ្ដាច់ចេញពីស្រុកចន្ទ្រា ។ បច្ចប្បន្នក្រុងបាវិត មាន ៥ សង្កាត់ គឺសង្កាត់ច្រកម្ទេស ព្រៃអង្គុញ ប្រាសាទ បាវិត និងសង្កាត់បាទី ដែលមានប្រជាជនសរុបប្រមាណ ៥ម៉ឺននាក់ ។ រួមជាមួយនេះ ក្រុងបាវិត ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ សហគ្រាស ចំនួន ៣៦កន្លែង និងបានទាក់ទាញកម្លាំងពលកម្មប្រមាណ ៣៥.០០០នាក់ ។ មិនតែប៉ុណ្ណោះ មានសណ្ឋាគារ ក្លឹបកម្សាន្ដ កាស៊ីណូជាប់ព្រំដែន ដែលអាចឲ្យអ្នក ទេសចរជាតិ អន្ដរជាតិ​ មកកម្សាន្ដ និងជាតំបន់ច្រកទ្វារព្រំដែនអន្ដរជាតិ ដ៏សំខាន់មួយផងដែរ ។

១.២ ការរៀបចំ និងការបង្កើតក្រុងបាវិត

ផ្អែកលើអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ក្រុងបាវិតត្រូវបានបង្កើត ដោយផ្តាច់ចេញពីស្រុកចន្ទ្រា និងកាត់យកឃុំមួយ ចំនួនពីស្រុកចន្ទ្រា និងស្វាយទាប​ ហើយប្តូរឃុំទៅជាសង្កាត់វិញ មានអាទិ៍ៈ សង្កាត់បាវិត ​បាទី ព្រៃអង្គុញ ប្រាសាទ និងសង្កាត់ច្រកម្ទេស ។

១.៣ ទីតាំងសាលាក្រុង និងសង្កាត់ចំណុះ

បច្ចុប្បន្នសាលាក្រុងបាវិត មានទីតាំងស្ថិតនៅភូមិបឹប សង្កាត់បាវិត ក្រុងបាវិត និងមាន​​សង្កាត់ចំណុះចំនួន ៥ គឺ ៖ ១-សង្កាត់បាវិត ២-​បាទី ៣-ព្រៃអង្គុញ ៤-ប្រាសាទ ៥-សង្កាត់ច្រកម្ទេស ។

១.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

ក្រុងបាវិត មានព្រំប្រទល់ ខាងជើងជាប់នឹងស្រុកស្វាយទាប និងស្រុកបេនកូវ ខេត្ដតៃនីញ ប្រទេសវៀតណាម ខាងត្បូងជាប់នឹងស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខាងលិចជាប់នឹងស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍ និងខាងកើតជាប់នឹងស្រុកបេនកូវ ស្រុកចាងបាង ខេត្ដ តៃនីញ និងស្រុកឌឹកវ៉េ   ខេត្ដឡុងអាន ប្រទេសវៀតណាម ។ ក្រុងនេះមានផ្ទៃដី​ប្រមាណ ២១៨,៣៦គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែន មិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៤៩.៧៦០ នាក់ ។

១.៥ ការគ្រប់គ្រងដឹកនាំក្រុងបាវិត

-លោក ឈូក បណ្ឌិត (២០០៨-២០១២)

-លោក ណេប សារ៉ុន (២០១២-២០១៤)

-លោក សេង សីលា (២០១៤-២០១៩)

-លោក លឹម សៀងហេង (២០១៩-បច្ចុប្បន្ន)

អត្ថបទទាក់ទង