រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អំពីក្រុងស្វាយរៀង

  • 3.7ពាន់
  • ដោយ Admin

១.អំពីក្រុងស្វាយរៀង

១.១ ​អំពីការបង្កើតក្រុងស្វាយរៀង

ស្វាយរៀង ដើមឡើយជាភូមិមួយ ដែលមានមនុស្សរស់នៅ ជាប់នឹងទន្លេភាគខាងលិច នៃទន្លេវ៉ៃគោ និងជាទីប្រជុំជននៃពាណិជ្ជករ មានជនជាតិចិន និងវៀតណាម ជាដើម បានមកប្រមូលផ្ដុំគ្នារស់នៅ និងរករបរទទួលទាន ជាប់នឹងច្រាំងទន្លេខាងលិច ។ អំឡុងពេល ដែលបារាំងធ្វើអាណានិគម និងត្រួតត្រាគ្រប់គ្រងតំបន់រដ្ឋបាលស្វាយរៀង បារាំងបានរៀបចំជាភូមិ (ស្វាយរៀង) ភូមិនេះត្រូវបានក្លាយជាប៉ុស្ដិ៍រដ្ឋបាល របស់រាជការបារាំង និងត្រូវបានបង្កើតជាឃុំស្វាយរៀង នៅចន្លោះឆ្នាំ១៩៣៥-១៩៣៦ ចំណុះឲ្យស្រុករំដួល និងត្រូវបានបង្កើតជាស្រុកស្វាយរៀង​នៅឆ្នាំ១៩៤៤​ ដោយផ្តាច់ចេញពីស្រុករំដួល និង ស្រុកស្វាយទាប ដោយមានការយល់ព្រមពី Le Résident de Svay Rieng និងមានសេចក្ដីសម្រេច​ពីព្រះមហាក្សត្រខ្មែរ ។ ក្រុងស្វាយរៀងត្រូវបានរៀបចំប្តូរឈ្មោះនៅឆ្នាំ ១៩៦១ ដោយលោក ញៀន ធៀង អតីតចៅហា្វយខេត្តស្វាយរៀងសម័យនោះ បានស្នើទៅរដ្ឋមន្រ្តីមហាផ្ទៃដើម្បីសុំដំឡើងជាក្រុងស្វាយរៀង និង​បាន​ស្នើសុំពង្រីកផ្ទៃក្រឡាក្រុងស្វាយរៀងពី ២០០ ទៅ ២២២​ហិកតា ។

ការរៀបចំនេះ ធានាឲ្យមានលក្ខណៈទំនើបទាំងប្រព័ន្ធភ្លើងអគ្គិសនី ប្រព័ន្ធលូ និងផ្លូវថ្នល់នានា ក្នុងក្រុង។ ក្នុងនោះត្រូវរៀបចំឲ្យមានផ្សារមេ និងផ្សារក្រមួន នៅក្នុងក្រុងស្វាយរៀង ។ នេះជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផ្សារវាលយន្តបច្ចុប្បន្ន ។ ការពង្រីកផ្ទៃក្រឡាទីក្រុងស្វាយរៀង ត្រូវបានរៀបចំ រហូតដល់ខាងកើតទន្លេវ៉ៃគោ ដោយរួមមានឃុំតាហោ សង្ឃ័រ និងស្វាយតឿ ។ ការពង្រីកនេះ គិត​ពី​ខាងត្បូងផ្លូវជាតិលេខ១ ចម្ងាយ ២០០ ម៉ែត្រ និងចម្ងាយ ២០០ម៉ែត្រពីផ្លូវទៅកាន់​ស្រុករំដួល  ។ ក្រុងស្វាយរៀង ត្រូវបានរៀបចំឲ្យមានលក្ខណៈទំនើបនៅអំឡុងឆ្នាំ១៩៦៨ ដោយមាន​ផ្សារ ​វិទ្យាល័យ និង​ហេដ្ឋារចនាសម័្ពន្ធរូបវន្តផ្សេងៗ ​។ ​ការពង្រីកបន្ថែម ឆ្នាំ១៩៧០ ទីក្រុងស្វាយរៀង ត្រូវបានពង្រីកផ្ទៃក្រឡាបន្ថែមពី ២២២​ ហិកតា ទៅ ៣៤៣​ហិកតា (បីរយសែសិបបីហិកតា) ។ ការរៀបចំនេះ ក្នុងអាណត្ដិ លោក​ ហែម កេតសាណា ជាអភិបាលខេត្ត (១៩៦៥-១៩៧០) ។

          ផែនទីនេះត្រូវបានគូសក្នុងឆ្នាំ១៩៦២ បង្ហាញអំពីការរៀបចំក្រុងស្វាយរៀងផ្នែកខាងកើតទន្លេ​វ៉ៃគោ ។

១.២ អំពីទៅតាំងសាលាក្រុង និងសង្កាត់ចំណុះក្រុងស្វាយរៀង

នៅឆ្នាំ១៩៤៤ សាលាស្រុកស្វាយរៀង មានទីតាំងស្ថិតនៅព្រៃឆ្លាក់ (សាលាស្រុករំដួលចាស់) មានឃុំ ២០ គឺ ៖ ១-ស្វាយជ្រំ ២-ឈើទាល ៣-អង្គតាសូ ៤-ក្រោលគោ ៥-គោកព្រីង ៦-គ្រួស ៧-បាសាក់ ៨-ចំបក់ ៩-កំពង់ចំឡង ១០-ពោធិរាជ ១១-ស្វាយអង្គ ១២-ស្វាយធំ ១៣-ស្វាយយា ១៤-ស្វាយរៀង ១៥-ធ្លក ១៦-ព្រះពន្លា ១៧-ព្រៃធំ ១៨-សំយោង ១៩-ចេក និង២០ ឃុំល្ងើន ។

ក្រោយឆ្នាំ១៩៧៩ ទីរួមខេត្តស្វាយរៀង ត្រូវបានផ្លាស់ប្ដូរឈ្មោះជាបន្តបន្ទាប់ ដូចជា៖ ស្រុកទីរួមខេត្តស្វាយរៀង ស្រុកស្វាយរៀង និងបំបែកស្រុកមួយផ្នែកទៅជាស្រុកស្វាយជ្រំដោយកាត់យកឃុំ​មួយចំនួន ។

នៅឆ្នាំ២០០៩ ស្រុកស្វាយរៀង ត្រូវបានប្ដូរទៅជាក្រុងស្វាយរៀង ។

បច្ចុប្បន្ន សាលាក្រុងស្វាយរៀង មានទីតាំងស្ថិតនៅខាងលើស្ដូបរង្វង់មូលវិមានឯករាជ្យ មាន ៧សង្កាត់ គឺ ១-ស្វាយរៀង ២-គយត្របែក ៣-ពោធិ៍តាហោ ៤-ព្រៃឆ្លាក់ ៥-សង្ឃ័រ​ ៦-ចេក ៧-ស្វាយតឿ ។

១.៣ អំពីការបង្កើតស្រុកថ្មីបន្ថែម

ចន្លោះឆ្នាំ១៩៧៥-១៩៨០ ស្រុកស្វាយរៀងត្រូវបានបំបែកស្រុកជាពីរ គឺ ស្រុកមានជ័យថ្មី និងស្រុកស្វាយរៀង នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត) ។ ក្រោយថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨០ នៅប្រើឈ្មោះស្រុកមានជ័យថ្មីដដែល និងគ្រប់គ្រងដឹកនាំដោយ សមមិត្ត ម៉ៅ វារៈ ។ ហើយស្រុកមានជ័យថ្មីនេះ ត្រូវបានបញ្ចូលទៅក្រោមការគ្រប់គ្រងរបស់​ស្រុកស្វាយរៀងវិញ នៅអំឡុងឆ្នាំ១៩៨០ ។

១.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

ក្រុងស្វាយរៀង មានព្រំប្រទល់ខាងជើងជាប់នឹងស្រុករំដួល ខាងត្បូងជាប់នឹងស្រុកកំពង់រោទិ៍ និងស្រុកស្វាយជ្រំ ខាងកើតជាប់នឹងស្រុកស្វាយទាប និងខាងលិចជាប់នឹងស្រុកស្វាយជ្រំ ។ ក្រុងនេះមានផ្ទៃដី​ប្រមាណ ១០២,៥០ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ៤៦.៥៥១ នាក់ ។

១.៥ អំពីការគ្រប់គ្រងដឹកនាំស្រុកស្វាយរៀង

-ឆ្នាំ១៩៤៤ ឈ្មោះ សុយ ទៀង ក្រមការថ្នាក់លេខ ១ ជាចៅហ្វាយស្រុកស្វាយរៀង

-ឆ្នាំ១៩៤៩ ឈ្មោះ ផ្លុង នួន អត្ដលេខ ២០២៦ ក្រមការលេខ ១ ជាចៅហ្វាយស្រុកស្វាយរៀង

-ឆ្នាំ១៩៥៥-១៩៥៧ ឈ្មោះ ថាវ ខាំយាត ក្រមការដើមខ្សែទី១ ជាចៅហ្វាយស្រុកស្វាយរៀង

-ឆ្នាំ១៩៥៧ ឈ្មោះ ផុយ ជិន អនុមន្រ្តីថ្នាក់លេខ២​  ជាចៅហ្វាយស្រុកស្វាយរៀង​

ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំស្រុកស្វាយរៀង មានដូចខាងក្រោម ៖

-សមមិត្ដ សំ ថា (១៩៧៩-១៩៨១)

-សមមិត្ដ មាស ទៀង (១៩៨១-១៩៨៣)

-សមមិត្ដ នាង​សៅ (១៩៨៣-១៩៨៤)

-សមមិត្ដ ចាន់ សុគាត (១៩៨៤-១៩៨៦)

-សមមិត្ដ ភិន ឆាំ (១៩៨៦-១៩៩០)

-សមមិត្ដ កែន ចេន (១៩៩០-១៩៩៣)

-លោក រស់ ឆាយ (១៩៩៣-២០១១)

-លោក យូ ប៊ុននី (២០១១-២០១៨) អភិបាលក្រុងស្វាយរៀង

-លោក ណុប ចំរើន (២០១៨-បច្ចុប្បន្ន) អភិបាលក្រុងស្វាយរៀង

អត្ថបទទាក់ទង