រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អំពីស្រុករមាសហែក

  • 6.8ពាន់
  • ដោយ Admin

១. អំពីស្រុករមាសហែក

១.១ រឿងនិទានទាក់ទងនឹងស្រុករមាសហែក

        ស្រុករមាសហែក ដែលដើមឡើយជា ខេត្ដរមាសហែក ត្រូវបានបង្កើតឡើងក្នុងសតវត្សរ៍ទី១៦និងមួយផ្នែកនៃស្រុកនេះកាលពីអតីតត្រូវបានគ្រប់គ្រងដោយខេត្ដបាភ្នំ ខេត្ដរោងដំរី និងខេត្ដត្បូងឃ្មុំនោះ មានប្រវត្តិទាក់ទងនឹងរឿងនិទាន ដែលមានតំណាលដូចតទៅ ៖ កាលដើមឡើយ ចន្លោះពីខេត្ដរោងដំរី និងខេត្ដបាភ្នំ ជាតំបន់ព្រៃក្រាស់ សំបូរទៅដោយសត្វ និងរុក្ខជាតិគ្រប់ប្រភេទ ។ តាំងពីបុរាណកាលមក គ្មានមនុស្សរស់នៅតំបន់នោះឡើយ ។ តំណក្រោយមក មានគ្រួសារមួយកើតជំងឺចម្លែកពេញខ្លួនប្រាណ (ជំងឺឃ្លង់) នៅលើខ្លួនប្រាណរបស់ពួកគេ មានដំបៅរលេះរលួយ និងរមាស់ពេញទាំងខ្លួន ។ ដោយស្លៀកពាក់ពុំបាន និងខ្មាស់ដល់បណ្ដាអ្នកស្រុក ភូមិដទៃទៀត ក្រុមគ្រួសារនេះ បានសម្រេចចិត្ដធ្វើដំណើរចូលព្រៃក្រាស់ ដើម្បីគេចពីភ្នែកមហាជន និងផ្ដល់រូបកាយដល់​សត្វសាហាវស៊ីជាចំណីអាហារ ។ ពួកគេបានធ្វើដំណើរចូលទៅដល់ព្រៃក្រាស់មួយ (បច្ចុប្បន្នភូមិអំពិល) ក្រុមគ្រួសារដែលមានជំងឺឃ្លង់ ក៏ឈប់សម្រាកនៅក្នុងព្រៃនោះ និងរង់ចាំសត្វសាហាវមកស៊ីជាអាហារ ហើយ​បានបួងសួងថា បើកើតជាតិណាណា កុំឲ្យកើតជំងឺនេះ ។ ក្រោយពីបួងសួងរួច គ្រួសារនេះ បានដេកកណ្ដាលព្រៃដើម្បីឲ្យសត្វសាហាវស៊ីជាអាហារ។ ប៉ុន្ដែសត្វខ្លា ឆ្កែចចក និងសត្វសាហាវដទៃទៀត ឃើញមនុស្សឃ្លង់ទាំងនោះ ក៏ដើរគេចចេញ មិនហ៊ានស៊ី មនុស្សទាំងនោះឡើយ ។ តំណក្រោយមកទៀត ក្រុមគ្រួសារនេះ បានរស់នៅ និងបានបង្កើតកូនចៅ រហូត ក្លាយជាភូមិមួយ ។ ជំងឺឃ្លង់បានរាតត្បាតពេញទាំងភូមិ ហើយអ្នកស្រុកជិតខាង បានហៅថាភូមិគម្លង់ ឬ ភូមិឃ្លង់ ។ ភូមិឃ្លង់នេះ អ្នកស្រុកគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ក៏នាំគ្នាយកស្លឹកឈើ ឬកន្ទេលមកបិទបាំងរាងកាយ និងដោយរមាស់ខ្លាំងពេក ទើបអ្នកស្រុកដែលកើតជំងឺឃ្លង់ទាំងនោះ នាំគ្នាហែកស្បែកហាលកំដៅថ្ងៃ ។ អ្នកស្រុកតែងហៅថាភូមិរមាស់ស្បែក ឬខ្លះហៅថា ភូមិរមាស់ហែក ។ ដោយឈ្មោះនេះ អាក្រក់ស្ដាប់ពេក នៅក្នុងអំឡុងពេលបង្កើតខេត្ដរមាសហែក ព្រះមហាក្សត្រខ្មែរ បានប្ដូរទៅជា​ រមាសហែកវិញ ។

១.២ អំពីទីតាំងសាលាស្រុក និងឃុំ ចំណុះស្រុករមាសហែក

នៅឆ្នាំ១៩២២ សាលាខណ្ឌរមាសហែក មានទីតាំងនៅទីប្រជុំជនចន្រ្ដី មានឃុំចំណុះ ចំនួន ១៥ឃុំ គឺ ៖ ១-ព្រៃរលួស ២-ម្រាម ៣-មុកដា ៤-ចន្រ្តី ៥-ត្រពាំងស្តៅ ៦-អណ្តូងពោធិ៍ ៧-អង្គប្រសែ្រ ៨-ព្រៃស្វាយ ៩-ដក់ពរ ១០-ចុងអូ ១១-អំពិល ១២-កាខុប ១៣-ជីហោរ ១៤-អណ្តូងត្របែក និង ១៥-ឃុំដូង ។

នៅឆ្នាំ១៩២៣ ឃុំត្រស់ត្រូវបានបង្កើតឡើង ក្នុងនោះមានភូមិចំនួន៧ គឺភូមិត្រស់ តាសួស ដូនឱក ពន់ ឈើខ្លឹម បឹង និងភូមិខ្សែសដែក ។

នៅឆ្នាំ១៩២៤ ទីតាំងសាលាខណ្ឌរមាសហែក ត្រូវប្ដូរពីចន្ត្រី ទៅកាន់ទីប្រជុំជនកំពង់ត្រាចវិញ ។

នៅឆ្នា១៩២៥ ឃុំចន្ត្រី ត្រូវប្ដូរឈ្មោះទៅជាឃុំធ្មាវិញ រី៑ឯឃុំដូងហៅថាឃុំព្រះបន់លារ ។

នៅឆ្នាំ ១៩៣៥ ខណ្ឌរមាសហែក ត្រូវប្ដូរទៅជាស្រុករមាសហែកវិញ ដោយរក្សាឃុំនៅដដែល ។

នៅឆ្នាំ១៩៣៥ ឃុំមួយចំនួនត្រូវបានផ្លាស់ប្ដូរឈ្មោះ និងលុបចោល មានដូចជា ៖ ឃុំដក់ពរត្រូវលុបចោល និងបញ្ចូលទៅក្នុងឃុំអណ្ដូងត្របែក និងព្រៃស្វាយ ។ ឃុំជីហរ ត្រូវលុបចោល និងភូមិមួយចំនួនត្រូវបញ្ចូលទៅក្នុងឃុំអំពិល ។ រីឯឃុំកាខុប និងចុងអូ ត្រូវលុបចោល ហើយបង្កើតឃុំថ្មីជំនួស គឺឃុំកំពង់ត្រាច ។ ឃុំចន្រ្តី ត្រូវបានបង្កើតឡើងវិញ ដោយលុបឃុំរលួសចោល ។

បច្ចុប្បន្ន សាលាស្រុករមាសហែក មានទីតាំងស្ថិតនៅ ទីប្រជុំជនផ្សារកំពង់ត្រាច និងមានឃុំចំណុះ​ចំនួន ១៦​ គឺ ៖ ១-ម្រាម ២-មុខដា ៣-ចន្ត្រី ៤-ត្រពាំងស្ដៅ ៥-អណ្ដូងពោធិ៍ ៦-អង្គប្រស្រែ ៧-ដូង ៨-អំពិល ៩-អណ្ដូងត្របែក ១០-ត្រស់ ១១-សម្បត្តិមានជ័យ ១២-ជ្រៃធំ ១៣-គគីរ ១៤-ក្រសាំង ១៥-សំបួរ ១៦-កំពង់ត្រាច ។

១.៣ អំពីការបង្កើតស្រុកថ្មីបន្ថែម

            ចន្លោះឆ្នាំ១៩៧៥-១៩៨០ ស្រុករមាសហែកត្រូវបានបំបែកស្រុកជាពីរ គឺ ស្រុកក្រសាំង និងស្រុករមាសហែក នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត) ។ ក្រោយថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨០ នៅប្រើឈ្មោះស្រុកក្រសាំងដដែល និងគ្រប់គ្រងដឹកនាំដោយ សមមិត្ត រស់ ឆាយ ។ ហើយស្រុកក្រសាំងនេះ ត្រូវបានបញ្ចូលទៅក្រោមការគ្រប់គ្រងរបស់​ស្រុករមាសហែកវិញ នៅអំឡុងឆ្នាំ១៩៨០ ។

១.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

        ស្រុករមាសហែក មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកកំចាយមា ខេត្តព្រៃវែង ខាងត្បូងជាប់នឹងស្រុករំដួល និងស្រុកស្វាយជ្រំ ខាងកើតជាប់នឹងស្រុកចូវថាញ់ ខេត្តតៃនីញ ប្រទេសវៀតណាម និងខាងលិចជាប់នឹងស្រុកមេសាង ខេត្តព្រៃវែង ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ៧៤៣,៤៣ គីឡូម៉ែត្រការ៉េ(អាចមានការប្រែប្រួល  ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៥៩.០៤៤ នាក់ ។

១.៥ អំពីការគ្រប់គ្រងដឹកនាំស្រុករមាសហែក

-ឈ្មោះ សុខ តូ  (១៩២២)  ជាចៅហា្វយខណ្ឌរមាសហែក 

ក្នុងអំឡុងសម័យអាណានិគមនិយមបារាំង ថ្នាក់ដឹកនាំស្រុករមាសហែក មានចំនួន ០៨រូប ប៉ុន្ដែពុំមានឯកសារ បញ្ជាក់ពីឆ្នាំ នៃការគ្រប់គ្រងស្រុកឡើយ ។ ថ្នាក់ដឹកនាំទាំងនោះ រួមមាន ៖

១.ឈ្មោះ យុង យ៉ា ២.ឈ្មោះ ប៉ុក សាឯម ៣.ឈ្មោះ នាង ៤.ឈ្មោះ ថឹង និរតី ៥.ឈ្មោះ សាអ៊ុំ ព្រៅ ៦.ឈ្មោះ ឯម សាម ៧.ឈ្មោះ សុទ្ធ ស៊ីសាមុត ៨.ឈ្មោះ ទេព ហង់ ។ បន្ទាប់មក មានថ្នាក់ដឹកនាំស្រុករមាសហែក ដូចខាងក្រោម ៖

-ឈ្មោះ ធៀង ម៉ារ៉ាដី (១៩៤៧​) ជាចៅហ្វាយស្រុក រមាសហែក ផ្លាស់ទៅរំដួល​ នៅ​ឆ្នាំ១៩៥៤

-ឈ្មោះ កុយ ស្មាន់ (១៩៥៣-១៩៥៤)

-ឈ្មោះ ញ៉ែម នៅ (១៩៥៤-១៩៥៥)

-ឈ្មោះ គង់ នាង (១៩៥៥-១៩៥៦)

-ឈ្មោះ គយ គៀត (១៩៥៦-១៩៥៨)

-ឈ្មោះ កេង ស៊ីផាន់ (១៩៥៨-១៩៦១)

-ឈ្មោះ សៅ សាគិត (១៩៦១-១៩៦៤)

-ឈ្មោះ គង់ សាត (១៩៦៤-១៩៦៧)

-ឈ្មោះ អ៊ូ សាឯម (១៩៦៧-១៩៧០) (ស័ក្ដិបី អនុសេនីយ៍ឯក) ត្រូវស្លាប់ដោយខ្មែរក្រហមស្ទាក់បាញ់សម្លាប់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៧០ ។ បន្តដោយអភិបាលរងទី២ខេត្ត គ្រប់គ្រងស្រុករហូត ដល់ឆ្នាំ១៩៧៥ ប៉ុន្ដែ មិនបានឈរជើង ប្រចាំការនៅក្នុងស្រុកឡើយ ។

-សមមិត្ដ ពត សាផល់ ហៅម៉យ (១៩៧៥-១៩៧៧)

-សមមិត្ដ សាលន (១៩៧៧-១៩៧៩)

ក្រោយថ្ងៃរំដោះ ៧ មករា​ ១៩៧៩ ស្រុករមាសហែក មានថ្នាក់ដឹកនាំស្រុក ដូចខាងក្រោម ៖

-សមមិត្តដូង ណឹម ហៅណៃ

-សមមិត្ដ ប្រាក់ ចាំ

-សមមិត្ដ ទិត្យ យ៉ន្ដ

-សមមិត្ត ម៉ែន គុយ

-សមមិត្ដ ម៉ុក យ៉ន

-សមមិត្ដ អ៊ុក ហាន

-លោក ម៉ៅ វីរៈ (១៩៩៩-២០១១)

-លោក ហែន សាគុន (២០១១-២០១៣)

-លោក ពេញ ជា (២០១៣-២០១៩)

-លោក ស៊ូ មុល (២០១៩-បច្ចុប្បន្ន)

អត្ថបទទាក់ទង