រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អំពីស្រុកកំពង់រោទិ៍

  • 3.8ពាន់
  • ដោយ Admin

១.អំពីស្រុកកំពង់រោទិ៍

១.១ ប្រវត្ដិស្រុកកំពង់រោទិ៍

តាមនិទានបានតំណាលថា កាលដើមឡើយ នៅតាមស្ទឹង ស្ថិតក្នុងតំបន់កំពង់រោទិ៍បច្ចុប្បន្ន  សំបូរ ទៅដោយព្រែក បឹងបួរ ដែលមានសត្វក្រពើរស់នៅច្រើន ពិសេសកំពង់ ដែលអ្នកស្រុកចតទូក ឬសំពៅ មានសត្វក្រពើមានក្រពើមួយមានឬទ្ធិបារមីពូកែ ឬក្រពើអ្នកតា ដែលតែងតែមានសម្រែកនៅពេលថ្ងៃសីល​ ឬថ្ងៃឧបោសថតាមការចង់ដឹង ចង់ឃើញពីអ្នកស្រុក ហើយអ្នក​ស្រុកតែងតែបន់ស្រន់សុំសេចក្តីសុខគ្រប់ប្រការ ឬប្រាថ្នាអ្វីៗតាមការចង់បាន និងតែងមករំខាន និងយាយីដល់អ្នកស្រុក ដែលប្រកបរបរទទួលទានតាមផ្លូវទឹក ហេតុនេះ  អ្នកស្រុកនាំគ្នាហៅថា ​កំពង់ក្រពើរោទិ៍ ក្រោយមកពាក្យនេះ

បានក្លាយជាតំបន់កំពង់រោទិ៍ រហូតបច្ចុប្បន្ន មានសាងរូបក្រពើ ជាភស្ដុតាងស្រាប់ ។ ទីតាំងក្រពើរោទិ៍​នេះ ស្ថិតនៅបឹងមួយខាងកើតមន្ទីរស្រុក បច្ចុប្បន្នមានស្ពានឆ្លងកាត់ ។

១.២ ប្រវត្ដិទាក់ទងនឹងលាវខ្សែត្រកំពង់រោទិ៍

ហេតុដូចម្ដេចបានជាមានប្រជាជនលាវមួយចំនួន រស់នៅឃុំខ្សែត្រ​ ស្រុកកំពង់រោទិ៍? ក្នុងអំឡុងឆ្នាំ១៥៦០ ស្ដេចលាវបានល្បីថា ព្រះចៅក្រុងកម្ពុជាល្បីល្បាញខ្លាំងខាងមន្ដគាថា​នឹងការទាក់ដំរី​ស្របពេលដែលដំរីលាវមួយក្បាលភ្លុកស ពូកែខ្លាំង ទើបស្ដេចលាវ បានចាត់នាម៉ឺន ចំនួន ២នាក់ និងពលសេនា ចំនួន ១.២០០នាក់ មកល្បងស្ដេចខ្មែរជល់ដំរី និងមានសំណើភ្នាល់ដាក់នគរជាមួយផង ។ ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមមិន្ទររាជា បានជំនុំជាមួយព្រាហ្មបុរោហិត និងរាជគ្រូ ក្នុងព្រះរាជវាំងលង្វែក ពេលនោះ ព្រះអង្គបានសម្រេចព្រះទ័យថា ប្រសិនបើដំរីខ្មែរ ជល់ចាញ់ដំរីលាវ នឹងដាក់នគរជាចំណុះលាវ និងលើកព្រះសួយសារ បណ្ណាការទៅថ្វាយស្ដេចលាវ រីឯសេ្ដចលាវ ក៏យល់ព្រមដូចគ្នា បើជល់ចាញ់ដំរីខ្មែរ នឹងធ្វើការលក្ខខណ្ឌខាងលើដូចគ្នា ។​ ក្រោយពីរដូវច្រូតកាត់រួច ការប្រជល់ដំរីប្រចាំនគរមួយ​ត្រូវបានរៀបចំឡើងនៅទីលានប្រជល់ដំរី ក្រុងលង្វែក ដោយមានមហាជនកុះករចូលរួម       ទស្សនា ។ ដំរី បានជល់គ្នាអស់រយៈពេល ២ថ្ងៃ ដំរីខ្មែរ បានទទួលជ័យជម្នះ ។ ព្រះមហាក្សត្រខ្មែរ បានឲ្យមន្រ្ដីលាវ ទាំងពីរនាក់ នាំដំណឹងនេះទៅទួលដល់ព្រះចៅស្ដេចលាវ ជ្រាបពីហេតុការណ៍ ។ ស្ដេចលាវ ទ្រង់ខ្ញាល់ខ្លាំងណាស់ ថាដំរីព្រះអង្គពូកែខ្លាំងណាស់ ពុំដែលមានដំរីណាអាចបង្រ្កាបបានឡើយ រាប់ទាំងសៀម ចិន មុងហ្គោលី ​និងអាណ្ណាមជាដើម ។ ហេតុដូចម្ដេចបានជាជល់ចាញ់ដំរីស្ដេចខ្មែរ? ដោយខ្វះការពិចារណារ ព្រះអង្គបានប្រជុំជាមួយមន្រ្ដី ថានឹងលើកទ័ពទៅបង្រ្កាបស្ដេចខ្មែរម្ដង ដើម្បីយកនគរនេះ ជាចំណុះឲ្យខាងតែបាន ។ នារដូវប្រាំងឆ្នាំ១៥៦០ ដដែលស្ដេចលាវ បានលើកទ័ពតាមផ្លូវគោក និង ផ្លូវទឹក (ទន្លេមេគង្គលើ) ឆ្ពោះទៅនគរខ្មែរ និងវាយសង្រ្គប់កងទ័ពខ្មែរ ឲ្យបាក់ទ័ពជាបន្ដបន្ទាប់ រហូត​កងទ័ពទាំងពីរ បានតទល់គ្នាយ៉ាងខ្លាំងនៅខេត្ដសន្ទុក (កំពង់ធំសព្វថ្ងៃ) ដោយឃើញទ័ពលាវ មានប្រៀបលើទ័ពខ្មែរ ដូច្នេះ ព្រះមហាក្សត្រខ្មែរ ព្រះអង្គមានក្ដីបារម្ភយ៉ាងខ្លាំង ក៏សម្រេចព្រះទ័យលើកទ័ព ដោយផ្ទាល់ព្រះអង្គទៅតសឹកជាមួយកងទ័ពស្ដេចលាវ។ ចម្បាំងអស់ជាច្រើនថ្ងៃ​ កងទ័ពរបស់ ព្រះបាទបរមមិន្ទររាជា ក៏ទទួលជ័យជម្នះ លើកងទ័ពលាវ ។ កងទ័ពខ្មែរ បានចាប់ពលលាវ ជាឈ្លើយសឹកជាច្រើនម៉ឺននាក់ ។ រីឯស្ដេចលាវ បានដកទ័ពដែលនៅសេសសល់រត់   ត្រឡប់ទៅនគរវិញ ។ កងទ័ពខ្មែរបានដេញតាម​ រហូតដល់ខេត្ដចំប៉ាសាក់ និងបានកៀរយកប្រជាជនលាវ​ រួមជាមួយនឹងទ័ពដែលចាប់បានបញ្ជូនមករស់​នៅក្នុងនគរខ្មែរជាច្រើន ដោយបែងចែកជាតំបន់ឆ្ងាយៗពីគ្នាដូចជា ៖

-បញ្ជូនទៅរស់នៅបារាយណ៍កំពង់ធំ ជាង ១.០០០នាក់ និងនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ជាង ២.០០០នាក់ ​និងខេត្ដស្វាយទាប (ឃុំខ្សែត្របច្ចុប្បន្ន) ជាង ៥.០០០នាក់ ចែកជាពីរតំបន់គឺ តំបន់ស្វាយទាប ឲ្យមេក្រុម ១នាក់ ឈ្មោះ សែត([1]) សម្រាប់គ្រប់គ្រង​ និងអំណឹះក្រោយមក បានហៅថាភូមិខ្សែត្រ​រហូតដល់បច្ចុប្ប​ន្ន និងតំបន់មួយទៀត តំបន់ចក្រីកំពង់ត្របែក ។ ក្នុងអំឡុងពេលនោះ ភូមិលាវខ្សែត្រ ពុំមានប្រជាជនខ្មែររស់នៅច្រើនឡើយ តំបន់នោះជាវាលដីស្រែទំនេរ ហើយភូមិនេះ ស្ថិតក្រោមអំណាចស្ដេចត្រាញ់ នៃខេត្ដបាភ្នំ ពុំទាន់មានការបង្កើតខេត្ដស្វាយរៀងឡើយ ។ អ្នករាជការខ្មែរទៅទារកំណែនពន្ធដានានា បានហៅតមកថាភូមិខ្សែត្រ ឬស្រុកខ្សែត្រ ។  អំឡុងពេលរដ្ឋការបារាំងចុះរៀបចំឃុំ បារាំងបានបង្កើតជាឃុំខ្សែត្រ តរៀងរហូតដល់បច្ចុប្បន្ន ។

១.៣ ការរៀបចំ និងការបង្កើតស្រុកកំពង់រោទិ៍

  នៅឆ្នាំ១៩៤៥ ទីប្រជុំជនកំពង់រោទិ៍ ត្រូវបានបង្កើតជាតំបន់រដ្ឋបាល និងដឹកនាំដោយ ឈ្មោះ ម៉ៅ ឃន។ ប៉ុន្តែ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៥៨ ទីប្រជុំជននេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមបង្កើតទៅជាស្រុកកំពង់រោទិ៍ ដោយតំបន់នេះត្រូវបានបំបែកចេញពីស្រុកស្វាយទាប   ។  

​   ផ្អែកលើទឡ្ហីកម្មខាងលើ នៅឆ្នាំ១៩៥៨ រាជការបានរៀបចំតំបន់នេះទៅជាតំបន់រដ្ឋបាល ​និងត្រៀមបង្កើតជាស្រុក ។

​នៅឆ្នាំ១៩៦០ តំបន់រដ្ឋបាលកំពង់រោទិ៍ ត្រូវបានដំឡើងទៅជាស្រុកកំពង់រោទិ៍​ និងជាប់ជា ឈ្មោះស្រុកកំពង់រោទិ៍ រហូតបច្ចុប្បន្ន​ ។

១.៣ អំពីផ្ទៃដី និងចំនួនប្រជាជន

ស្រុកកំពង់រោទិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងក្រុងស្វាយរៀង និងស្រុកស្វាយទាប ខាងត្បូងជាប់នឹងស្រុកមុខវ៉ា និងទីរួមខេត្តគឿនទៀង ខេត្តឡុងអាន ប្រទេសវៀតណាម ខាងកើតជាប់នឹងស្រុកចន្ទ្រា និងក្រុងបាវិត​ និងខាងលិចជាប់នឹងវិញហ៊ឹង ខេត្តឡុងអាន ​ប្រទេសវៀតណាម ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ៣៩៣,៧៣ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៧០.៣៥២ នាក់ ។

១.៤ អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុកកំពង់រោទិ៍

នៅឆ្នាំ ១៩៦០ ​ស្រុកកំពង់រោទិ៍មានឃុំ ៨ជាចំណុះ គឺ ៖ ឃុំខ្សែត្រ ឃុំញរ ឃុំបន្ទាយក្រាំង ឃុំថ្មី ឃុំរាជមន្ទីរ ឃុំសំយោង ឃុំព្រៃធំ និងឃុំព្រះពន្លា ។

បច្ចុប្បន្ន សាលាស្រុកកំពង់រោទិ៍ មានទីតាំងស្ថិតនៅទីប្រជុំជនកំពង់រោទិ៍ និងមានឃុំចំណុះចំនួន ១១ គឺ ៖ ១-បន្ទាយក្រាំង ២-ញរ ៣-ខ្សែត្រ ៤-ព្រះពន្លា ៥-ព្រៃធំ ៦-រាជមន្ទីរ ៧-សំឡី ៨-សំយ៉ោង ៩-ស្វាយតាយាន ១០-ត្នោត ១១-ថ្មី ។

១.៥ ការគ្រប់គ្រងដឹកនាំស្រុក

-ឈ្មោះ ធៀង ទុយ (១៩៥៨-១៩៦៥)

-ឈ្មោះ ទូច ថុង (១៩៦៥-១៩៧០)

-របបសេនាប្រមុខលន់ នុល (១៩៧០-១៩៧៥) មិនស្គាល់ឈ្មោះ

-សមមិត្ដ គឺ សំផន (១៩៧៥-១៩៧៧)

-ចន្លោះឆ្នាំ១៩៧៧-១៩៧៩ (មិនស្គាល់ថ្នាក់ដឹកនាំ)

-សមមិត្ដ សឿ សារ៉ាន (១៩៧៩-១៩៨២)

-សមមិត្ដ ប៊ុន សាវ៉ាន់ (១៩៨២-១៩៨៦)

-សមមិត្ដ សុខ យ៉ន (១៩៨៦-១៩៩៥)

-លោក អ៊ុយ ថន (១៩៩៥-១៩៩៩)

-លោក ពេជ សាវ៉ាន់ (១៩៩៩-២០១៥)

-លោក សុខ រស់ (២០១៥-២០១៨)

- លោក សុច ពិសី (២០១៨-បច្ចុប្បន្ន)


អត្ថបទទាក់ទង