រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 4.4ពាន់
  • ដោយ Admin

១.ស្ថានភាពទូទៅៈ

          រដ្ឋបាលខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ  និង៦៩០ភូមិ ។ មានផ្ទៃដីសរុប ២.៩៦៦,៤០គីឡូម៉ែតក្រឡា។  ប្រជាជនសរុបចំនួន ៦២៣.៨៣៤នាក់ ស្មើនឹង ១៤៩.៨៩១គ្រួសារ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ១,៧៣%  អត្រានៃគ្រួសារក្រីក្រតំបន់ជនបទ​ នៅ​ត្រឹម ​១៣,៣% និងតំបន់ប្រជុំជន ៥% ។

          ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម គឺខេត្តឡុងអាន និងខេត្តតៃនិញ មានប្រវែង ២៥៨គីឡូម៉ែត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង ច្រកទ្វារព្រំដែនទ្វេភាគីបុសមន ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក​ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ​ចូល និងការចរាចរណ៍ទំនិញ និងកសិផលផ្សេងៗរបស់ប្រជាពល​រដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ។

២.សមិទ្ធផលនានារបស់រដ្ឋបាលខេត្តៈ

          អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំប្រកប ដោយគតិបណ្ឌិត និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ ស្របតាម តួនាទី ភារកិច្ច របស់ខ្លួន សំដៅជំរុញកសាង និងអភិវឌ្ឍន៍ខេត្ត ធ្វើឲ្យខេត្ត​ស្វាយរៀង​មាន​ការ​រីកចម្រើនគ្រប់វិស័យ ។ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានធ្វើឲ្យសភាព​ការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈនៅទូទាំង​ខេត្ត​មាន​លក្ខណៈល្អប្រសើរ ធានាដល់ការរស់​នៅ​របស់​ប្រជាពលរដ្ឋប្រកប​ដោយ សេចក្តី​សុខ​សាន្ត ។

          ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋ បានបំពេញបែបបទរួច​ចា​ប់​​តាំ​ង​​​​ពី​ដើមវគ្គ​រហូតដល់ខែកញ្ញា ឆ្នាំ២០១៩ សរុបចំនួន ៤៧១.៨៥២នាក់  អត្តសញ្ញាណ​ប័​ណ្ណ​​បាន​ផ្ដល់ជូន ប្រជាពលរដ្ឋចំនួន ៤៥៥.១១៤នាក់ និងមិនទាន់​បាន​ទទួលពី​ក្រសួ​ង​ចំនួន ១២.២១៩នាក់ ។

ក្នុងឆ្នាំទី៥ អាណត្តិទី២ និងឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈផែនការអនុវត្ត ៣ឆ្នាំ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល ១០ឆ្នាំ(២០១០-២០១៩) រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និង​ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាល កំណែទម្រង់រដ្ឋបាលសាធារណៈ ​ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ហិរញ្ញវត្ថុ ការគ្រប់គ្រង និងអភិវឌ្ឍ ធនធានមនុស្ស ការផ្តល់សេវាសាធារណៈ និងការអភិរឌ្ឍមូលដ្ឋាន ដោយផ្អែកលើច្បាប់​ស្តីពី ការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅ​លើក​​កម្ពស់​​គុណភាព ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ឲ្យ​កាន់​តែល្អ​ប្រសើរ​ឡើង។

          តាមរយៈថវិកាគុណប្រយោជន៍ខេត្តក្នុងឆ្នាំ២០១៨ និងរយៈពេល៩ខែ ឆ្នាំ២០១៩ រដ្ឋបាល​ខេត្ត​​បាន និងកំពុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជា​ប្រយោជន៍សាធារណៈ​ក្នុង​ខេត្តដូចជា៖ ការ កសាង និងជួសជុលផ្លូវថ្នល់ ស្ពាន លូ ទំនប់(ច្រាំងទន្លេ)ការពារទឹកជំនន់ បង្គោលភ្លើង​សាធារណៈ សួនច្បារ រៀបចំកែលម្អសោភណភាពក្រុងស្រុក ​ជួសជុលកែលម្អអាគារ ក្រុងស្រុក និងសាលាឃុំ សង្កាត់ ។ ក្នុងឆ្នាំ២០១៨ និង២០១៩នេះ ក្រុង ស្រុ​ក ក៏មានកញ្ចប់ថវិកាផ្ទាល់​ក្នុងការអភិវឌ្ឍ​មូលដ្ឋានតាមតម្រូវការ ចាំបាច់របស់​ប្រជាពលរដ្ឋ​ផង​ដែ​រ ។ ចំពោះឃុំ  សង្កាត់វិញ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ ឃុំ សង្កាត់ បាននិងកំពុងអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន​ ៩៨គម្រោង តាមរយៈមូលនិធិឃុំ សង្កាត់ ។

          តាមរយៈការងារកំណែទម្រង់នេះ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខេត្តទទួលបាននូវការផ្ទេរ មុខងារ និងការធ្វើប្រតិភូកម្មមុខងារ និងធនធានមួយចំនួន ជាពិសេសទទួលបាននូវមូលនិធិ សម្រាប់ការ អភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងតាមរយៈការងារដ៏មានសារៈសំខាន់ នេះ រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតអង្គភាព និងការិយាល័យច្រកចេញចូលតែមួយចំនួនបួន គឺអង្គភាព​ច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុងបាវិត ការិយាល័យ​ច្រក​ចេញចូលតែមួយក្រុងស្វាយរៀង និងការិយាល័យច្រកចេញចូលតែមួយស្រុកស្វាយជ្រំ និងមាន​ផែនការ​ពង្រីកនៅតាមសាលាស្រុកដែលពុំទាន់មាន ការិយាល័យច្រកចេញចូលតែមួយ ដើម្បីធ្វើជា​កន្លែង​ប្រមូលផ្តុំផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកយដោយគុណភាព ប្រសិទ្ធិភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា ។

          -វិស័យកសិកម្ម  គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ការអនុវត្តការបង្កបង្កើនផល​ស្រូវរដូវ​វស្សាបានភ្ជួរដាស់លើផ្ទៃដីសរុប ៧៩.៩៤៦ហ.ត ស្មើនឹង ៤៧,៧% នៃផែនការសរុប ១៦៧ ៥០០ហ.ត និងបានព្រោះស្រូវគ្រប់ប្រភេទលើផ្ទៃដីសរុប ៤៤.៤៨១ហ.ត ស្មើនឹង ២៦,៦%  នៃផែនការសរុប ១៦៧ ៥០០ហ.ត ។ បានចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម និងសារទឹកសត្វគោ ក្របីចំនួន ៩.៥៨២ក្បាល និងបានចុះព្យាបាលជំងឺអុតក្តាម និងជម្ងឺសារទឹក សត្វគោ ក្របីចំនួន ១.៩២៤ក្បាល ​។ នៅទូទាំងខេត្ត មានគ្រឿងយន្តកសិកម្មសរុបចំនួន ៤៩.១៤៩គ្រឿង ។ បានចុះប្រមូលទិន្នន័យការប្រើប្រាស់ប្រភពទឹកក្រោមដី (អណ្ដូង) លើផលិតកម្មដំណាំស្រូវ និងបន្លែចំនួន ០៤ស្រុក ស្មើនឹង ៤១ឃុំ ដែលមានអណ្ដូងសរុប ៦.២១៧អណ្ដូង លើផ្ទៃដីសរុប ៤.៦៩២,១០ហ.ត ។

-ការងារសាងសង់ប្រព័ន្ធធារាសាស្រ្តៈបានបញ្ចប់ដំណើការជួសជុលទំនប់កំពង់ចក ប្រវែង ១.៦៧០ម៉េត្រ ប្រឡាយ ០១ខ្សែ ប្រវែង ២៣០ម៉ែត្រនិងសំណង់បង្ហៀរទឹកចំនួន ០១កន្លែង នៅឃុំកំពង់ចក ស្រុករំដួល និងបានដំណើការជួសជុលទំនប់សណ្ដរស្វាយតាយាប្រវែង ៤.០២០ម៉េត្រ និងសំណង់សិល្បការ ០២កន្លែង សម្រេចបាន ៩៥%​ នៅស្វាយតាយាន ស្រុកកំពង់រោទិ៍ ។ បានបញ្ចប់ដំណើការជួសជុលប្រឡាយជើងក្អែបដោយប្រើសាច់ប្រាក់ពលកម្មចំនួន ១០០អនុគម្រោង ដែលមានប្រវែង ១៥២.៦១៩ម៉ែត្រ នៅស្រុកកំពង់រោទិ៍ និងស្រុកស្វាយជ្រំ និងបានចុះស្ដារប្រឡាយប្រវែង ៩.២០០ម៉ែត្រ ។

​-ការងារសាធារណការៈបានថែទាំផ្លូវជាតិ និងផ្លូវខេត្តជាប្រចាំ ដោយក្រាលកៅស៊ូ និងគ្រួសក្រហម ប្រវែង ២៥៩.៣១០ម៉ែត្រ សម្រេចបាន ៥៥% ។  បានចុះបញ្ជីយានយន្តចំនួន ៦.៩៦៤គ្រឿង បានរៀបចំប្រឡងបើកបររថយន្ដ និងម៉ូតូ ដែលមានបេក្ខជនសរុបចំនួន ៣.៥៥៨នាក់ បានត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្តចំនួន ២.៤៤៤គ្រឿ​​ង បានផ្ទេរកម្មសិទ្ធិយានយន្តចំនួន ១៣៣គ្រឿង និងបានបើកវគ្គផ្សព្វផ្សាយច្បាប់ចរាចរណ៍ចំនួន ៣៧វគ្គ មានអ្នកចូលរួមសរុបចំនួន ៣.៨៤៧នាក់ ។

-ការងារអភិវឌ្ឍន៍ជនបទៈ បាននឹងកំពុងសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់(DBST) ប្រវែង ៥៧.២៨៥ម៉ែត្រ សម្រេចបាន ១៥% នៅស្រុកកំពង់រោទិ៍ ស្រុករំដួល និងស្រុកស្វាយជ្រំ ។ បាននឹងកំពុងជួលជុលផ្លូវជនបទជាប្រចាំដោយក្រាលក្រួសក្រហម និងខ្សាច់ភ្នំ ប្រវែង ១០៣.៦០០ម៉ែត្រ សម្រេចបាន១០% នៅស្រុកស្វាយជ្រំ និងស្រុករមាសហែក ។ បានកំពុងសាងសង់ផ្លូវជនបទដោយលើកដីស ប្រវែង ៥០.៤៥១ម៉ែត្រ ក្នុងគម្រោងសាច់ប្រាក់ពលកម្ម សម្រេចបាន ៨៥% នៅស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក បានកំពុងកែលម្អផ្លូវដីសទៅជាផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំ ប្រវែង ៣០.៦៨៣ម៉ែត្រ សម្រេចបាន ៧០% នៅស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក និងបានកំពុងសាងសង់ផ្លូវជនបទដោយក្រាលបេតុងឆ្អឺងដែក ប្រវែង ១.០៨៥ម៉ែត្រ សម្រេចបាន ៦០% នៅស្រុកស្វាយជ្រំ ។ បានចុះស្រង់ទិន្នន័យផ្លូវជនបទចំនួន ២៤ខ្សែ ប្រវែង ២១៩.៩២០ម៉ែត្រ នៅតាមបណ្ដាក្រុង ស្រុកទាំង ០៨ ដើម្បីរៀបចំបញ្ជីសារពើភ័ណ្ឌ និងបញ្ជូលទិន្នន័យផ្លូវជនបទក្នុងប្រព័ន្ធភូមិសាស្ត្រ(RRAM) ។

-វិស័យអប់រំសិក្សាធិការៈ នៅទូទាំងខេត្ត មានសាលាគ្រប់ភូមិសិក្សារួមមាន៖ សាលា​មត្តេយ្យ​របស់​រដ្ឋចំនួន ១៧២កន្លែង មត្តេយ្យសហគមន៍ ៣១២ថ្នាក់ បឋម ២៦២ កន្លែង អនុវិទ្យាល័យ ៥៤ កន្លែង (ថយ០១កន្លែង) និងវិទ្យាល័យ ២០ កន្លែង (វិ.ចំណេះទូទៅ-បច្ចេកទេស០១ កន្លែង និងសាលារៀន​ជំនាន់ថ្មី០១ កន្លែង) សាលាគរុកោសល្យ និងវិក្រឹត្យការ០១​កន្លែង សាលាបំពេញវិជ្ជារៀបរយ០១កន្លែង និងសាកលវិទ្យាល័យ០១កន្លែង ។

-វិស័យសុខាភិបាលៈ​ បច្ចុប្បន្នមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅទូទាំងខេត្តមានមន្ទីរ ពេទ្យចំនួន ០៥កន្លែង គឺ៖ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យ​បង្អែកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​។ ក្នុងខេត្តស្វាយរៀង មានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួន ១៣កន្លែង ក្នុងនោះមានមណ្ឌលចត្តាឡីស័កកម្រិត២ចំនួន ២កន្លែង ។ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១.៥៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១.០៧៦នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៤៨៣នាក់ និងមានករណីស្លាប់ចំនួន ១១នាក់ ។

  –ផែ្នកថាមពលអគ្គិសនី និងទឹកស្អាតៈ ថាមពលអគ្គិសនី ដែលប្រើប្រាស់ក្នុងខេត្តស្វាយរៀង គឺ​ផលិតផ្ទាល់ខ្លួន ទិញពីប្រទេសវៀតណាម​  ភ្នំពេញ អនុស្ថានីយ៍ច្រកម្ទេស សរុបទាំងអស់ ២៦៨.០៦​៨​.៩​៤​៦គីឡូវ៉ាត់ម៉ោង​​ តម្លៃថាមពលអគ្គិសនី ៦៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង គ្រួសារមាន​អគ្គិសនី​​ប្រើប្រាស់​ចំនួន​ ៧៧.៦១៧គ្រួសារ ។ ចំពោះការងារផ្គត់ផ្គង់ទឹកស្អាតក៏បាន រៀបចំ​ប្រព័ន្ធ​បណ្តាញ​ទឹកស្អាត ដើម្បី​ផ្គត់​ផ្គង់ជូនប្រជាពលរដ្ឋតាមទីប្រជុំជនក្រុងស្វាយរៀង ប្រសូ​តិ កំពង់ចក តម្លៃ ១.២០០រៀល ក្នុង​មួយ​ម៉ែត្រគូប គ្រួសារដែលមាន​ទឹកស្អាត​ប្រើប្រាស់​ចំនួន ៧.៧៥១ គ្រួសារ ។

 –វិស័យព្រះពុទ្ធសាសនាៈ ទូទាំងខេត្តស្វាយរៀង មានចំនួន ២៤៥វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន ២៤៤វត្ត និងគណៈ ធម្មយុត្តិកនិកាយមានចំនួន ០១វត្ត ដែលមានព្រះសង្ឃមានចំនួន ២.១៩៥អង្គ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានរៀនបចំកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដោយបានផ្សព្វផ្សាយពីផលប៉ះពាល់ការ ប្រើប្រា​ស់គ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ និងអំពីភូមិឃុំ មានសុវត្ថិភាព តាមវិទ្យុនានាក្នុងខេត្ត ចំនួន ៧២០ម៉ោង ។ នៅក្នុងខេត្តមានសាលាធម្មវិន័យចំនួន ៣២កន្លែង សាលាពុទ្ធិកបឋមមានចំនួន ៣៣កន្លែង និងពុទ្ធិកអនុវិទ្យាល័យមានចំនួន ០១កន្លែង មានសមណសិស្សនិងសិស្សសរុបចំនួន ១.៨៥៦អង្គ/នាក់ ។

វិស័យវិនិយោគឯកជនៈ បច្ចុប្បន្ន ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការ​ ០៨កន្លែង គឺតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត តំបន់សេដ្ឋកិច្ច​ពិសេសសានដុង តំបន់សេដ្ឋកិច្ចពិសេសនាគរាជ តំបន់សេដ្ឋកិច្ចពិសេសឈីលូ ​តំបន់សេដ្ឋកិច្ច​ពិសេស​ហាយផាក តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត និងតំបន់សេដ្ឋកិច្ច​ពិសេស​អ៊ិនធ័រវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ នៅទូទាំងខេត្តមានសហគ្រាស គ្រឹះស្ថាន ចំនួន ២៤០សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៩៣.៧៩១នាក់ ស្រី ៥៥.៧៧៥នាក់ ។ ដោយឡែករោងចក្រ សហគ្រាសព្យូរការងារចំនួន ០៤កន្លែង ដែលមានកម្មករ កម្មារិនីសរុបចំនួន ១២៤នាក់ ស្រី ៧៦នាក់ និងរោងចក្រ សហគ្រាសបិទលែងដំណើការមានចំនួន  ២កន្លែង ដែលមានកម្មករ កម្មការិនីសរុបចំនួន ៩៦នាក់ ស្រី ៦៨នាក់

វិស័យសំណង់ និងដីធ្លីៈ ការចុះបព្ជីាដីធី្លលក្ខណៈដាច់ដោយដុំចេញប័ណ្ណកម្មសិទិ្ធ បានចំនួន ១៤១ ប័ណ្ណ ផ្ទេរកម្មសិទ្ធិចំនួន១.៨២៤ប័ណ្ណ ការចុះបញ្ជី​ដីធី្ល​លក្ខ​ណៈ​​​ជា​​ប្រព័ន្ធបានបញ្ចូលទិន្នន័យក្បាលដី ចំនួន ៨.៦១៣ក្បាលដី បិទផ្សាយជាសាធារណៈចំនួន ១១.៣៩៥ក្បាលដី បានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៤០០ក្បាលដីនិងបាន​ចេញ​លិខិត​អនុញ្ញាត​​​សាងសង់ចំនួន ៧៣គម្រោង ។​

វិស័យសេដ្ឋកិច្ច សង្គមកិច្ចផេ្សងទៀត ក៏កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ផងដែរ   ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនឈានឡើងលើ គ្រប់វិស័យ។