១.អំពីស្រុករំដួល
១.១ រឿងនិទានទាក់ទងនឹងស្រុករំដួល
រឿងនិទានទាក់ទងនឹងស្រុករំដួល មានដូចខាងក្រោម ៖
និទានទី១ ៖ តាមប្រសាន៍លោកព្រឹទ្ធាចារ្យ មោក ស៊ឹម អតីតសាស្រ្ដាចារ្យសម័យសង្គមរាស្រ្តនិយម និងតាមការស្រាវជ្រាវលើភស្ដុតាងមួយចំនួនបានបញ្ជាក់ថា កាលដើមឡើយអ្នករាជការដែលត្រូវ ព្រះមហាក្សត្រតែងតាំងក្នុងមុខងារ និងមកគ្រប់គ្រងដែនដីនៅសម័យនោះ តែងតែគោរពប្រតិបត្ដិទៅលើជំនឿផ្សេងៗ ជាពិសេសតាមបែបព្រហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេព ដើម្បីសុំសេចក្ដីសុខជូនប្រជារាស្រ្ដ ដោយហេតុថា ព្រហ្មញ្ញសាសនា ត្រូវបានគោរព និងមានជំនឿយ៉ាងមុតមាំក្នុងផ្នត់គំនិតអ្នករាជការ កាលពីជំនាន់ដើម ជាភស្ដុតាង មានដូចជា ប្រាសាទព្រៃបាសាក់មានរចនាបថបែបព្រហ្មញ្ញសាសនា និងមានតាំងរូបព្រះគោនន្ទី ជាជំនិះព្រះឥសូរ។ បច្ចុប្បន្ន ប្រាសាទនេះ ត្រូវបានខូចខាតទាំងស្រុង នៅសល់តែគ្រឹះវិហារដែលតាំងរូបព្រះឥសូរកាលពីជំនាន់ដើម ។ រីឯព្រះគោនន្ទី ត្រូវបានគេយកទៅតាំងនៅសារមន្ទីរជាតិភ្នំពេញ ។ បច្ចុប្បន្ន ពុទ្ធបរិស័ទ បានកសាងរូបព្រះពុទ្ធធំមួយព្រះអង្គនៅព្រៃបាសាក់ជំនួសវិញ ។ ដូច្នេះហើយ ទើបនៅសម័យដើម គេប្រារព្ធពិធីបូជាយញ្ញសម្រាប់ឧទ្ទិសថ្វាយព្រះអាទិទេពធំទាំងបីមាន ព្រះឥសូរ ព្រះនរាយណ៍ និងព្រះព្រហ្មណ៍ ដូចជា ៖
-រុំស្បៃ រាំថ្វាយព្រះអាទិទេព ពិធីនេះគេធ្វើនៅវត្ដក្ដីរំដួល គឺតំណមពីដើមគ្រប់មន្រ្តីរាជការមានដូចជា ចៅហ្វាយខេត្ត មេស្រុក ពេលមកថ្មី ត្រូវតែធ្វើពិធីបូជាយញ្ញនេះ បើពុំនោះទេ ពុំបានក្ដីសុខឡើយ ។
-បូជាមនុស្ស ឬសត្វ ជូនព្រះអាទិទេព ។ តំណក្រោយមក មានបូជាសាច់សត្វក្របី ដោយយកសាច់ ដោតជាដំណោតទំហំប៉ុនកដៃ អាំងរាប់រយដុំ រួចឧទ្ទិសថ្វាយព្រះអាទិទេព ព្រមទាំងមានពិធីរាំថ្វាយព្រះអាទិទេព ដោយអ្នករាំ ជានារីព្រហ្មចារី និងមានរុំស្បៃជុំវិញខ្លួន តុបតែងដូចស្ត្រីឥណ្ឌា។
ក្នុងសម័យកាលមួយ មន្រ្ដីត្រួតត្រាខេត្ដរោងដំរី និងខេត្ដបាភ្នំ បានធ្វើពិធីនេះ ដើម្បីបូងសួងសុំសេចក្ដីសុខ ។ អំឡុងពេល នារីរាំ ថ្វាយព្រះអាទិទេព បានទាក់ជើងនឹងជាយស្បៃដួលពេលកំពុងរាំ ទើបមន្រ្ដីទាំងនោះ ហៅថា នាងរុំដួល ។ ក្រោយមកទៀត គេហៅថា ស្រុកនាងរុំដួល បន្ដបន្ទាប់ហៅថាស្រុករុំដួល បច្ចុប្បន្នក្លាយជាស្រុករំដួល ។
ទី២ តាមពាក្យចចាមអារ៉ាម ថា ៖ ទាក់ទិននឹងស្រុករំដួលនេះ ដើមឡើយ ប្រជាជនរស់នៅទីនេះ បានប្ដឹងផ្ដល់គ្នាដល់ព្រះមហាក្សត្រ ព្រោះតែរឿងដណ្ដើមគ្នាកាន់កាប់ដើមរំដួល ១ដើម ទើបព្រះមហាក្សត្រ បានប្រទានងារថា ស្រុកក្ដីរំដួល ។ បច្ចុប្បន្នមានវត្ដមួយ ឈ្មោះវត្ដក្ដីរំដួល ស្ថិតនៅ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ តំណក្រោយមកក៏កើតជាខេត្ដរំដួល និងក្លាយមកជាខណ្ឌរំដួល រហូតមក ក្លាយជាស្រុករំដួល រហូតសព្វថ្ងៃ។
១.២ អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុករំដួល
នៅឆ្នាំ១៩២២ សាលាខណ្ឌរំដួល មានទីតាំងស្ថិតនៅព្រៃឆ្លាក់ មាន ៣៧ឃុំ គឺ ៖ ១-ស្វាយចេកឯលិច ២-ឈើទាល ៣-គ្រួស ៤-ចំបក់ ៥-កំពង់ចំឡង ៦-ស្វាយជ្រំ ៧-ពោធិរាជ ៨-ចេក ៩-បាសាក់ ១០-ប្រសូតិ ១១-ថ្មី ១២-រមាំងថ្កោល ១៣-សង្ឃ័រ ១៤-ក្រោលគោ ១៥-សីកា ១៦-ស្វាយយា ១៧-ស្វាយអង្គ ១៨-គោកព្រីង ១៩-ព្រៃដំឡូង ២០-ធ្លក ២១-បឹងគ្រៀល ២២-រកា ២៣-ល្ងើន ២៤-ម៉ឺនជ័យ ២៥- ចន្រ្តីយ ២៦-ម៉ូរាជ ២៧-កំពង់អំពិល ២៨-ជ្រុងពពេល ២៩-ថ្នាធ្នង់ ៣០-បុសមន ៣១-សង្កែ ៣២-ស្វាយចេកឯកើត ៣៣-ចក ៣៤-ពងទឹក ៣៥-ស្វាយរំពា ៣៦-ពពែត និង ៣៧-ឃុំគគីរសោម ។
នៅឆ្នាំ១៩២៥ ឃុំមួយចំនួនត្រូវបានកែសម្រួល និងផ្លាស់ប្ដូរហៅតាមឈ្មោះថ្មី មានដូចជា ៖ ឃុំថ្មី ត្រូវបានលុបចោល និងប្ដូរទៅជាឃុំស្វាយរៀង ឃុំស្វាយចេកឯកើត ហៅថាឃុំស្វាយចេក ឃុំស្វាយចេកឯលិច ហៅថាឃុំស្វាយធំ ឃុំចេក ហៅថាឃុំសំរ៉ោង ឃុំពងទឹក ហៅថាឃុំគគីរ ។
នៅឆ្នាំ១៩៣៥ ឃុំមួយចំនួនត្រូវបានកែសម្រួល និងផ្លាស់ប្ដូរហៅតាមឈ្មោះថ្មី មានដូចជា ៖ ឃុំបឹងគ្រៀល និងឃុំរកា ត្រូវលុបចោល ហើយភូមិមួយចំនួននៃឃុំនេះ ត្រូវបញ្ចូលទៅក្នុងឃុំអង្គតាសូ ។
ឃុំត្រដែត ត្រូវលុបចោល ហើយភូមិមួយចំនួននៃឃុំនេះ ត្រូវបញ្ចូលទៅក្នុងឃុំព្រះពន្លា ។
នៅឆ្នាំ១៩៣៥ ដដែល ខណ្ឌរំដួល ត្រូវបានប្ដូរទៅជាស្រុករំដួលវិញ ។
នៅឆ្នាំ១៩៣៦ ឃុំម្រាចត្រូវបានលុបចោល និងបញ្ចូលទៅក្នុងឃុំស្វាយចេក ។ ឃុំព្រៃដំឡូង ត្រូវលុបចោល ជំនួសដោយឃុំគោកព្រីង និងឃុំពោធិ៍រាជ ។ រីឯឃុំសីកា ត្រូវបានលុបចោល ហើយជំនួសដោយឃុំស្វាយយា និងឃុំស្វាយអង្គ ហើយបានបង្កើតឃុំថ្មីមួយ គឺឃុំស្វាយរៀង ។
នៅឆ្នាំ១៩៤៤ សាលាស្រុករំដួល ត្រូវបានប្ដូរពីព្រៃឆ្លាក់ ទៅកំពង់ចក រហូតដល់បច្ចុប្បន្ន ហើយឃុំមួយចំនួនត្រូវបានកាត់បញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយរៀង ដែលទើបបង្កើតថ្មី រួមមាន ស្វាយជ្រំ ឈើទាល ក្រោលគោ គោកព្រីង បាសាក់ ចំបក់ កំពង់ចំឡង ស្វាយអង្គ ល្ងើន ស្វាយយា ចេក និងឃុំស្វាយរៀង ។
បច្ចុប្បន្ន សាលាស្រុករំដួល មានទីតាំងស្ថិតនៅទីប្រជុំជនកំពង់ចក និងឃុំចំណុះ ចំនួន១០ គឺ ៖ ១-បុសមន ២-ធ្មា ៣-កំពង់ចក ៤-ជ្រុងពពេល ៥-ពងទឹក ៦-ថ្នាធ្នង់ ៧-ម៉ឺនជ័យ ៨-កំពង់អំពិល ៩-សង្កែ ១០-ស្វាយចេក ។
១.២ អំពីការផ្លាស់ប្ដូរឈ្មោះស្រុករំដួល
ចន្លោះឆ្នាំ១៩៧៥-១៩៨០ ស្រុករំដួលត្រូវបានប្ដូរឈ្មោះថ្មីថាជា ស្រុកសំរោង នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត) ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨០ នៅប្រើឈ្មោះស្រុកសំរោងដដែល ។ ហើយឈ្មោះស្រុកសំរោងនេះ ត្រូវបានប្ដូរទៅជាស្រុករំដួលវិញ នៅអំឡុងឆ្នាំ១៩៨០ ។
១.៣ អំពីផ្ទៃដី និងចំនួនប្រជាជន
ស្រុករំដួល មានព្រំប្រទល់ខាងជើងជាប់នឹងស្រុករមាសហែក ខាងត្បូងជាប់នឹងក្រុងស្វាយរៀង និង ស្រុកស្វាយទាប ខាងកើតជាប់នឹងស្រុកចូវថាញ់ ខេត្តតៃនីញ ប្រទេសវៀតណាម និងខាងលិចជាប់នឹងស្រុកស្វាយជ្រំ ។ ស្រុកនេះមានផ្ទៃដីប្រមាណ ២៧៤,៣៩ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៥៧.៩៧៩ នាក់ ។
១.៤ អំពីការគ្រប់គ្រងដឹកនាំស្រុករំដួល
- ឈ្មោះ នាង ប៊ិន ឆ្នាំ១៩២២ ក្រមការថ្នាក់លេខ ៤ លេខសម្គាល់ ៨២២ អតីតចៅហ្វាយខេត្តរមាសហែក ជាចៅហ្វាយខណ្ឌរំដួល ខេត្តស្វាយរៀង ។
-ឈ្មោះ ធឿន សាត ឆ្នាំ១៩៤៧ អត្ដលេខ ១៦៤២ អនុមន្រ្ដីលេខ២
-ឈ្មោះ អ៊ឹង យ៉ឹបងួន ឆ្នាំ១៩៤៧-១៩៥៣ អត្ដលេខ ១៣៦៩ ក្រមការលេខ ១
-ឈ្មោះ ធឹង មាលតី ឆ្នាំ១៩៥៣-១៩៥៥
-ឈ្មោះ ហេង យី ឆ្នាំ១៩៥៥-១៩៥៧
-ឈ្មោះ ជាប ជាន ឆ្នាំ១៩៥៩ ក្រមការថ្នាក់លេខ២ បម្រុងរាជការ អតីតព្រិន្ទបាលឯក នៃ កងរក្សាប្រទេស
-ឈ្មោះ វ៉ាន់ ប៊ុនជាន់ ឆ្នាំ១៩៥៧-១៩៦២
-ឈ្មោះ ជាប ដៀន ឆ្នាំ១៩៦៣-១៩៦៧
-ឈ្មោះ ហង់ ចាន់
-ឈ្មោះ ប៉ែន ថ្លា
-ឈ្មោះ អ៊ីវ ថាន់
-ឈ្មោះ រាជ សាត
-ឈ្មោះ នាង ម៉ែន (សម័យសាធារណៈរដ្ឋខ្មែរ)
-សមមិត្ដ តូច មួង (១៩៧៩-១៩៨០)
-សមមិត្ត ញូង សុខុម (១៩៨០)
-សមមិត្ដ នង សុខ (១៩៨០-១៩៨១)
-សមមិត្ដ នាង សៅ (១៩៨១)
-សមមិត្ដ មុំ ទិត (១៩៨១-១៩៨៥)
-សមមិត្ដ ហ៊ សារុន (១៩៨៥-១៩៩១)
-លោក មុំ ទិត (១៩៩១-១៩៩៥)
-លោក ហ៊ សារុន (១៩៩៥-១៩៩៩)
-លោក សំ ថា (១៩៩៩-២០០៥)
-លោក អ៊ុក ប៊ុនណ្ណា (២០០៥-២០០៦)
-លោក សូ ស៊ីភៀន (២០០៦-២០១៧)
-លោក សុខា រ៉ាម (២០១៧-បច្ចុប្បន្ន)