រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អំពីស្រុកចន្ទ្រា

  • 4.0ពាន់
  • ដោយ Admin

១.អំពីស្រុកចន្ទ្រា

១.១ រឿងនិទានទាក់ទងនឹងស្រុកចន្ទ្រា

រឿងនិទានទាក់ទងនឹងស្រុកចន្ទ្រា មានដំណាលពីរផ្សេងៗគ្នា ៖

ទី១ ៖ កាលពុំទាន់មានស្រុកចន្ទ្រា​ ការគ្រប់គ្រងរដ្ឋបាល គឺស្រុកស្វាយទាប ជាអ្នកទទួលខុសត្រូវ និងដឹកនាំគ្រប់គ្រង ។ ឈ្មោះចន្ទ្រា គឺយកតាមឃុំមួយ ឈ្មោះឃុំចន្ទ្រា ដែលបង្កើតឡើងនៅឆ្នាំ១៩១៩ ដោយឃុំនេះជាតំបន់វាលហ៊ុំព័ទ្ធទៅដោយបឹងបួរជុំវិញ និងមិនមានដើមឈើអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ពេលបារាំងចុះពិនិត្យភូមិសាស្រ្ដ ក្នុងការបង្កើតឃុំ ដោយផ្លូវឆ្ងាយពិបាកក្នុងការវិល ត្រឡប់មកប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង ជំនាញការរូបនោះ ក៏ស្នាក់នៅភូមិប្រជាជនមួយយប់ ជាមួយអ្នកយាម និង មេស្រុក ។ ដោយរដូវនោះ ជារដូវប្រាំង មេឃស្រឡះល្អ បារាំង និងមេស្រុក បានក្រឡេកមើលទៅលើមេឃ ឃើញតែផ្កាយ និងព្រះចន្ទពេញបូរមី បញ្ចេញរស្មីល្អប្លែកពីធម្មតា ដែលធ្វើឲ្យបារាំង និងមេស្រុក និងអ្នកភូមិនៅទីនោះភ្ញាក់ផ្អើលគ្រប់ៗគ្នា និងនាំគ្នាគយគន់មើលព្រះចន្ទ្ រហូតទល់ភ្លឺ និងអ្នកភូមិខ្លះក៏​បានបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន (ជីតាលោក ចិន សាធាន ក៏ធ្លាប់និទានប្រាប់លោកពីរឿងនេះដែរ) ។ ពេលត្រឡប់មកវិញ មេស្រុក (ស្រុកស្វាយទាប) បានសុំយោបល់បារាំងដាក់ឈ្មោះឃុំនោះថាឃុំចន្ទ្រា ដើម្បីជាការរំលឹកពីអនុស្សាវរីយ៍ រវាងបារាំង​ មេស្រុក រួមនិងអ្នកស្រុក ក៏ដាក់ឈ្មោះថា ឃុំ      ចន្ទ្រា រហូតមក ។ ចំពោះភូមិចិនត ក្លាយមកពីពាក្យ «សែនត» ដោយអ្នកភូមិខ្លះដែលជាប់ខ្សែស្រឡាយយួន ចិន ពីដើមស្រឡាញ់គ្នា ហើយនាំគ្នាទៅសែនព្រេន នៅទីនោះតៗគ្នា ទើបគេហៅថា «ភូមិសែនត» ខ្លះហៅថា «ភូមិចិនត» ទើបជាប់ងារជា «ភូមិសែនត» រហូតដល់បច្ចុប្បន្ន ។ (បើតាមដំណាលនិទានពីចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅភូមិនោះ និងព្រះគ្រូចៅ​អធិការវត្តចន្ទ្រា ព្រះនាម តូច តី​ មានព្រជន្ម ៩២ ព្រះវស្សា នៅឆ្នាំ១៩៨៣) ។ លោកព្រឹទ្ធាចារ្យ មោក ស៊ឹម ក៏ធ្លាប់ស៊ើបសួររឿងនេះដែរ ក្នុងអំឡុងពេលគាត់ចុះស្ដារដី បង្កើតឃុំ នៅឆ្នាំ១៩៨៣។

នៅឆ្នាំ១៩៦៨ តំបន់រដ្ឋបាលមេសថ្ងក ត្រូវបានបង្កើតជាស្រុក និងផ្ដល់ឈ្មោះជាស្រុកចន្ទ្រា តរៀងមក ដោយយកតាមឈ្មោះ និងលំនាំឃុំខាងលើ ។

ទី២ (តាមលោក សំ ថា អភិបាលស្រុកស្វាយទាប)៖ មានកូនសេនាបតីក្នុងវាំងម្នាក់ឈ្មោះ អឹម បានកែនទ័ព និងតាំងខ្លួនជាស្ដេច បោះទីតាំង នៅភូមិបុស្ស ឃុំមេសថ្ងក ។ មានសម័យពេលមួយនោះ ប្រជារាស្រ្ដមានការគោរពកោតខ្លាច បានយក ផ្លែស្វាយទុំបីទៅថ្វាយ ក្រោយពីសោយរួច ព្រះអង្គអឹម បានទម្លាក់គ្រាប់ស្វាយទៅក្នុងអូរ ហើយឧទ្ទិសថា បើខ្លួនពិតជាមានបុណ្យមែន​ សូមឲ្យគ្រាប់ស្វាយនេះអណ្ដែតទឹករសាត់ទៅដុះរៀងគ្នា ។ ចីរកាល ក្រោយមក គេឃើញដើមស្វាយបីដើមដុះរៀងគ្នានៅទួលមួយ បច្ចុប្បន្ននៅទឹកដីវៀតណាម ហៅថា ហ្គរសាយ ស្រុកឌឹកវ៉េ ខេត្ដឡុងអាន (ខេត្ដកោះឬស្សី ពីបុរាណ) អំណឹះក្រោយមកមានឈ្មោះថាស្វាយរៀង ។ ក្រោយពីនោះ មានទ័ពចិន (ឬជាទ័ពមុងហ្គោល) ឈ្លានពានដល់តំបន់នោះ ស្ដេចអង្គអឹម បានកសាងស្ពានចម្លងទ័ព (បច្ចុប្បន្នហៅថាស្ពានតាអឹម នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា) ចេញទៅ បង្រ្កាបទ័ពចិនឈ្លានពាន ពេលទៅដល់ទ័ពចិនដកថយអស់មិនអាចទ្រាំទ្រ នៅពេលទ័ពខ្មែរវាយដល់ តំបន់នេះ (ចន្ទ្រាបច្ចុប្បន្ន) ចិនបានវាយតបត​វិញ គេហៅថា ចិនត គួបផ្សំជាមួយទឹកមានរស់ជាតិ ជូរ មូសច្រើន ធ្វើឲ្យទ័ពចិនរា និងដកថយ ទើបហៅថា ចិនរា ក្រោយមកក្លាយជាចន្ទ្រា តរៀងមក ។

១.២ ការរៀបចំ និងការបង្កើតស្រុកចន្ទ្រា

តំបន់រដ្ឋបាលមេ.សថ្ងក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយកាត់ចេញពី​ស្រុក​ស្វាយទាប ។ តាមក្រមលេខ ៥០ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៦១ និងយោងតាមច្បាប់ដែល​រដ្ឋសភា​អនុម័ត​កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៦១ បានសម្រេច​បង្កើតតំបន់រដ្ឋបាល មេ.សថ្ងក នៅក្នុង​ខេត្ត​ស្វាយរៀង ចំណុះឱ្យស្រុកស្វាយទាប ។ តំបន់​រដ្ឋបាល​នេះ មានទីប្រជុំជន មេ.សថ្ងក មានឃុំមេ.សថ្ងក ឃុំប្រាសាទ សំរោង និងឃុំបាទី ។ តំបន់​នេះគ្រប់គ្រងដោយភូឈួយរដ្ឋបាល និងអមដោយ​ជំនួយ​ការ​ម្នាក់  សម្រាប់មើលការខុសត្រូវ​រដ្ឋបាល និងពន្ធដារ ចំណុះឲ្យស្វាយទាប និងស្វាយរៀង ។ ភូឈួយ និងជំនួយការ ត្រូវបានតែងតាំង​ដោយ​រដ្ឋមន្រ្តីមហាផ្ទៃ ។

​នៅឆ្នាំ១៩៦៨ ​​តំបន់រដ្ឋបាលមេ.ស​ថ្ងក ត្រូវបានពង្រីកបន្ថែម និងផ្តាច់ចេញពីស្រុកស្វាយទាប ។ ផ្អែកតាម​ព្រះរាជក្រម លេខ ៣៤៥ ចុះ​ថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៨ ឡាយព្រះហស្តលេខា​ដោយ​ព្រះបាទ​នរោត្តមសីហនុ បានបង្កើត​ស្រុកចន្ទ្រា ដោយប្តូរឈ្មោះពីតំបន់រដ្ឋបាល មេ.សថ្ងក ដំឡើងទៅជា​ស្រុកចន្ទ្រា ខេត្ត​ស្វាយរៀង ។

១.៣ អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុកចន្ទ្រា

នៅឆ្នាំ១៩៦៨ ស្រុក​ចន្ទ្រា ត្រូវកាត់យកពីឃុំខ្លះនៃស្រុកស្វាយទាប មានជាអាទិ៍ៈ ឃុំមេ.សថ្ងក ឃុំប្រាសាទ  ឃុំសំរោង  ឃុំបាទី ឃុំចេ្រស និងឃុំចន្រ្ទា ។ សរុបស្រុកចន្ទ្រា បង្កើតដំបូងមាន ០៦ឃុំ និងមានផែនទី​ជាប់នឹង​ព្រំដែន​វៀតណាម ។ ក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ឃុំបាវិត ត្រូវបានកាត់បញ្ជូលឲ្យស្ថិតក្រោមការគ្រប់គ្រង រដ្ឋបាលស្រុកចន្ទ្រា ។ ក្នុងឆ្នាំ១៩៨៧​ ឃុំទួលស្ដី ត្រូវបង្កើតឡើង ដោយដាក់ឲ្យចំណុះរដ្ឋបាលស្រុកចន្ទ្រា ។

នៅឆ្នាំ២០០៨ ឃុំបាវិត ឃុំបាទី ព្រៃអង្គុញ និងឃុំប្រាសាទ ត្រូវកាត់បញ្ចូលទៅក្រោមការគ្រប់គ្រង​របស់រដ្ឋបាលក្រុងបាវិត ។

បច្ចុប្បន្ន សាលាស្រុកចន្ទ្រា មានទីតាំងស្ថិតនៅទីប្រជុំជនតំបន់មេសថ្ងក និងមានឃុំចំណុះចំនួន ៦ គឺ ៖ ១-ទួលស្ដី ២-ចន្ទ្រា ៣-ច្រេស ៤-ព្រៃគគីរ ៥-មេសថ្ងក ៦-សំរោង ។

១.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

ស្រុកចន្ទ្រា មានព្រំប្រទល់ខាងជើងជាប់នឹងស្វាយទាប និងប្រទេសវៀតណាម ខាងត្បូងជាប់នឹងស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម ខាងកើតជាប់នឹងស្រុកឌឹកវ៉េ ខេត្តតៃនីញ ប្រទេសវៀតណាម និងខាងលិចជាប់នឹងស្រុកកំពង់រោទិ៍ ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ២៧៤,៣៩ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ២៩.៣២៥ នាក់ ។

១.៥ ការគ្រប់គ្រងដឹកនាំស្រុក

ថ្នាក់ដឹកនាំស្រុកចន្ទ្រា មានដូចខាងក្រោម ៖

   -លោកអនុសេនីយ៍ទោ គឹម ហ៊ី (១៩៦៧-១៩៧០)

   -ឈ្មោះ ប៊ូ សម (១៩៧០-១៩៧៥)

   -សមមិត្ត នង សារឿន និង សមមិត្ត ភោគ សំអន (១៩៧៥-១៩៧៩)

   -ឈ្មោះ អ៊ួន ញ៉ុក (១៩៧៩-១៩៨៥)

   -ឈ្មោះ ម៉ូ វ៉ាន់ (១៩៨៥-១៩៩០)

   -ឈ្មោះ ម៉ម ចាន់ (១៩៩០-១៩៩៣)

   -លោក អ៊ុក ប៊ុណ្ណា (១៩៩៨-២០០២)

   -លោក ឈូក បណ្ឌិត (២០០២-២០០៩)

   -លោក ជា យៀង (២០០៩-២០១៤)

   -លោក ងួន រ៉ាំ (២០១៤-២០១៩)

- លោក ថន ថាវុទ្ធា (២០១៩-បច្ចុប្បន្ន)

អត្ថបទទាក់ទង