១. អំពីស្រុកស្វាយទាប
១.១ រឿងនិទានទាក់ទងនឹងស្រុកស្វាយទាប
ខណៈដែលពុំទាន់បានបង្កើតខេត្ដស្វាយរៀងនោះ ខេត្ដស្វាយទាប បានកើតមុនរួចទៅហើយ ក្នុងអំឡុងសតវត្សរ៍ទី១៣ ឬទី១៤ (ឯកសារខ្លះថាក្នុងរជ្ជកាលព្រះបាទអង្គឌួង)។ ផ្អែកលើភូមិសាស្រ្ដ ខេត្ដស្វាយទាប លាតសន្ធឹងរហូតដល់ ព្រំប្រទល់កូស៊ាំងស៊ីន និងខេត្ដរោងដំរី ខាងត្បូងទល់នឹង «តឹងអាន» ។ ស្វាយទាបនេះ ជាឈ្មោះដែលអ្នកស្រុកហៅតៗគ្នា ជាទម្លាប់ ដែលដើមឡើយ មានដើមស្វាយដុះលើទីទូលមួយ ដែលដាំដោយតាទាប ទើបចាស់ពីបុរាណហៅថា «ស្វាយតាទាប» នឹងក្លាយមកជា «ស្វាយទាប» តរៀងមក ។ ចំពោះប្រវត្ដិខេត្ដនេះ តាមទស្សនាវដ្ដី សម័យសង្គមរាស្រ្តនិយម ដែលសរសេរដោយអ្នកគ្រូបង្រៀនម្នាក់ និងលោកទិត ឈុន បានរៀបរាប់ថា មានក្សត្រមួយអង្គ បាននាំទ័ពបោះជំរុំនៅតំបន់នេះ ក្រោយពីធ្វើចម្បាំងមិនឈ្នះមិនចាញ់ជាមួយអណ្ណាម និងសៀម ។ ដោយតំបន់នេះអាចធ្វើស្រែនៅរដូវវស្សា កងទ័ពទាំងសងខាងបានផ្អាកធ្វើចម្បាំងគ្នាមួយរយៈ ដើម្បីធ្វើសែ្រ ក្រោមពាក្យស្លោក «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ហើយក៏ចាប់ផ្ដើមបង្កបង្កើនផលដោយធ្វើស្រែ និងដាំដំណាំហូបផ្លែផ្សេងៗ ការពារខ្លាចចម្បាំងនេះ មានរយៈពេលយូរអង្វែង នារដូវប្រាំង ។ ពេលនោះ ព្រះអង្គបានរៀបចំក្បួនខ្នាត និងឧបករណ៍សឹក លាក់ទុកនៅបន្ទាយមួយ មានឈ្មោះថា «បន្ទាយក្រាំង» និងមកធ្វើការប្រជុំជួរទ័ពនៅភូមិមួយ ក្រោយមកឈ្មោះថា «រាជមន្ទីរ» ។ ព្រះអង្គបានបោះទីតាំងស្នាក់នៅបណ្ដោះអាសន្ន ក្រោយមកទីនោះហៅថា «ព្រះពន្លា» នៅពេលនោះ ព្រះមហេសីរបស់ក្សត្រអង្គនោះ ក៏មានព្រះគភ៌ ហើយនឹកព្រះទ័យឃ្លានសោយផ្លែស្វាយ ។ ដោយតំបន់នោះរកផ្លែស្វាយសោយពុំបាន ទើបព្រះអង្គឱ្យពលសេនាដើររកផ្លែស្វាយ ក៏ធ្វើដំណើរដល់ទូលមួយ ឃើញមានដើមស្វាយមួយដើមធំ ដុះលើទូលខាងជើងព្រែកប្រសូតិបច្ចុប្បន្ន មានផ្លែ សេនានោះក៏សួរថាស្វាយអ្នកណា? អ្នកស្រុកថាស្វាយតាទាប ទើបបេះយកទៅថ្វាយព្រះមហាក្សត្រីសោយ ។ អំណឹះក្រោយមក ក៏ហៅថាភូមិស្វាយតាទាប ។ ក្រោយពីសោយផ្លែស្វាយរួច ប៉ុន្មានថ្ងៃក្រោយមកព្រះមហេសី ក៏ឈឺព្រះឧទរ ចង់ប្រសូតិបុត្រ ពេលនោះសេនាក៏បានសែងព្រះនាងមកកន្លែងថ្មីរកឆ្មប ដោយតំបន់នោះគ្មានឆ្មប ។ ស្ដេចក៏ឱ្យអាមាត្យទៅយកឆ្មបពីខេត្តរោងដំរី ។ នៅតាមផ្លូវ ពួកអាមាត្យទៅដល់តំបន់មួយ ក៏ជួបតាម្នាក់ជាមនុស្សថ្លង់ ក៏សួរនាំថា «ឆ្មបនៅឯណា?» ដោយតានោះជាមនុស្សថ្លង់ គាត់បានឆ្លើយដដែលៗថា «អី អី» អាមាត្យក៏ហៅទីនោះថា «តាអីៗ» រហូតមក ក្រោយមកក្លាយជា ភូមិតាអី ។ ចេញពីទីនោះ អាមាត្យក៏ឆ្ពោះទៅខាងលិច គេប្រាប់ថាមានឆ្មបនៅគគីជ្រំ (តាសោមជាអ្នកដាំដើមគគី) ទើបគេហៅថា «គគីសោម» ។ ពេលជួបឆ្មប អាមាត្យបាននាំឆ្មប មកដល់ព្រែកមួយ អាមាត្យក៏ពរឆ្មបនោះឆ្លងទឹក ហៅថា ពពែត ក្រោយមកហៅថា «ពពែត» ។ ពេលមកដល់ ឆ្មបក៏បានជួយប្រសូតិបានបុត្រមួយព្រះអង្គ ទើបកន្លែងប្រសូតិបុត្រនោះ ជាប់ងារជា «ប្រសូតិ» ដល់បច្ចុប្បន្ន ។ ខណៈនោះ ពួកសេនា បានរៀបចំព្រះស្ងោយជូនម្ចាស់ក្សត្រីសោយ ដោយពុំប្រើសាច់ទេ គឺស្ងោរត្រីរ៉ស់ ដោយឃើញម្អមក្រអូប អាមាត្យក៏បេះ មកបង់ក្នុងស្ងោរត្រីនោះ ក្រោយពេលសោយស្ងោរត្រីហើយ ស្រាប់តែម្ចាស់ក្សត្រីទាស់រឹងធ្គាមសោយទីវង្គតទៅ ។ ស្ដេចខ្ញាល់ណាស់ក៏លើកព្រហស្ថអធិដ្ឋានថា សូមកុំឱ្យម្អមដុះឱ្យសោះ ។ តំណក្រោយមក ម្អមពុំដែលឃើញដុះនៅទីនោះទេ ប្រហែលជាត្រូវបណ្ដាសាររបស់ស្ដេចអង្គនោះហើយ (ប្រហែលជាស្ថិតនៅក្នុងភូមិណាមួយនៅឃុំប្រសូតិបច្ចុប្បន្ន) ។
ក្នុងអំឡុងពេលរាជការរៀបចំបង្កើតខេត្តថ្មី ដោយបំបែកចេញពីខេត្តបាភ្នំ ក៏យកតាមគោលចរឹកខាងលើនេះ ទើបដាក់ឈ្មោះថាខេត្តស្វាយទាប បច្ចប្បន្ន ជាស្រុកស្វាយទាប ។
១.២ អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុកស្វាយទាប
នៅឆ្នាំ១៩២២ សាលាខណ្ឌស្វាយទាប មានទីតាំងស្ថិតនៅឃុំប្រសូតិ មាន ២៤ឃុំជាចំណុះគឺ ៖ ១-ប្រសូតិ ២-ដូង ៣-សំយោង ៤-ព្រៃធំ ៥-ត្រដែត ៦-ស្វាយតាយាន ៧-ច្រកម្ទេស ៨-ថ្មី ៩-បន្ទាយក្រាំង ១០-រាជមន្ទីរ ១១-ញរ ១២-ខ្សែត្រ ១៣-ព្រៃសង្កែ ១៤-សំឡី ១៥-ត្នោត ១៦-ច្រេស ១៧-ចន្ទ្រា ១៨-ចេក ១៩-កោះក្បាន់ ២០-មេសថ្ងក ២១-ពងទឹក ២២-បាទី ២៣-ប្រសប់ល័ក្ខ និង ២៤-បាវិត ។
នៅឆ្នាំ១៩២៥ ឃុំមួយចំនួនត្រូវបានផ្លាស់ប្ដូរឈ្មោះ និងលុបចោល មានដូចជា ៖ ឃុំប្រសូតិ ហៅថាឃុំសំបួរ និងខ្លះទៀតត្រូវបានលុបចោល ។
នៅឆ្នាំ១៩២៦ សាលាខណ្ឌស្វាយទាប ត្រូវបានប្ដូរទីតាំងទៅ ភូមិជីពូវ ឬទីប្រជុំជនជីពូវ ឃុំច្រកម្ទេស វិញ ដើម្បីសម្រួលកិច្ចការរដ្ឋបាលគ្រប់គ្រងដល់ឃុំមួយចំនួននៅជាប់ព្រំដែនភាគខាងកើត ។
នៅឆ្នាំ១៩៣៥ ខណ្ឌស្វាយទាប ត្រូវប្ដូរទៅជាស្រុកស្វាយទាបវិញ ។
នៅឆ្នាំ១៩៣៥ ដដែល ឃុំមួយចំនួនត្រូវបានលុបចោល និងកែសម្រួល ដូចជា ឃុំកោះក្បាន់ ត្រូវលុបចោល ហើយភូមិមួយចំនួននៃឃុំនេះ ត្រូវបញ្ចូលទៅក្នុងឃុំព្រៃគគីរ មេសថ្ងក និងឃុំសំរោង ។
នៅឆ្នាំ១៩៤៤ ឃុំមួយចំនួនត្រូវបានកាត់បញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយរៀង ដែលទើបបង្កើតថ្មី រួមមាន ឃុំសំយោង និងឃុំព្រៃធំ ។
នៅឆ្នាំ១៩៦១ ទីតាំងសាលស្រុកស្វាយទាប ត្រូវប្ដូរពីទីប្រជុំជនជីពូវ មកប្រសូតិវិញ ហើយឃុំមួយចំនួនដូចជា ឃុំខ្សែត្រ ញរ បន្ទាយក្រាំង រាជមន្ទីរ និងឃុំថ្មី ឃុំសំរោង និងឃុំព្រៃធំ ត្រូវបានកាត់បញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រា ដែលទើបបង្កើតថ្មី ។
នៅឆ្នាំ១៩៦៨ ឃុំមួយចំនួនត្រូវបានកាត់បញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រា រួមមាន ឃុំមេសថ្ងក ចន្ទ្រា បាទី ច្រេស រីឯឃុំបាវិត ត្រូវបានកាត់បញ្ចូលនៅក្រោយឆ្នាំ១៩៧៩ ។
បច្ចុប្បន្ន សាលាស្រុកស្វាយទាប ស្ថិតនៅទីប្រជុំជនប្រសូតិ និងមានឃុំចំណុះ ចំនួន ៩ឃុំ គឺ ៖ ១-គគីរសោម ២-មនោរម្យ ៣-កណ្ដៀងរាយ ៤-ពពែត ៥-ព្រៃតាអី ៦-រមាំងថ្កោល ៧-ស្វាយរំពារ ៨-ប្រសូតិ ៩-សំបួរ ។
១.៣ អំពីការផ្លាស់ប្ដូរឈ្មោះស្រុកស្វាយទាប
ចន្លោះឆ្នាំ១៩៧៥-១៩៨០ ស្រុកស្វាយទាបត្រូវបានប្ដូរឈ្មោះជា ស្រុកប្រសូតិ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត) ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨០ នៅប្រើឈ្មោះស្រុកប្រសូតិដដែល ។ ហើយឈ្មោះស្រុកប្រសូតិនេះ ត្រូវបានប្ដូរទៅជាស្រុកស្វាយទាបវិញ នៅឆ្នាំ១៩៨០ ។
១.៤ អំពីផ្ទៃដី និងចំនួនប្រជាជន
ស្រុកស្វាយទាប មានព្រំប្រទល់ខាងជើងជាប់នឹងស្រុករំដួល និងស្រុកចូវថាញ់ ខេត្តតៃនីញប្រទេសវៀតណាម ខាងត្បូងជាប់នឹងក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍ ខាងកើតជាប់នឹងក្រុងបាវិត និងស្រុកបេនកូវ ខេត្តតៃនីញ ប្រទេសវៀតណាម និងខាងលិចជាប់នឹងក្រុងស្វាយរៀង ។ ស្រុកនេះមានផ្ទៃដីប្រមាណ ៣៣៤,២៩ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៥៩.០៤៤ នាក់ ។
១.៥ អំពីការគ្រប់គ្រងដឹកនាំស្រុកស្វាយទាប
-ឈ្មោះ ប៊ុន ហោ (១៩២២) វរមន្រ្ដីថ្នាក់លេខ៥ អត្តលេខ៧៥ អតីតចៅហ្វាយខេត្ដទន្លេពៅ
-ឈ្មោះ នៅ មុត (-១៩៥៦) ក្រមការលេខ២
-ឈ្មោះ តៃ ជិនសូអាត (១៩៥៩-) មន្ត្រីបម្រុងរាជការ អតីតព្រិន្ទបាលទោ នៃកងប្រដេញខេមរៈ
-ឈ្មោះ ហង់ ចាន់ (១៩៦៥-១៩៧១)
-ឈ្មោះ គឹម ភៀប (១៩៧១-១៩៧៥)
-សមមិត្ដ សា លីវ (១៩៧៥-១៩៧៨)
-សមមិត្ដ ប៉ែន ផល្លី (១៩៧៩-១៩៨១)
-សមមិត្ដ សរ សម (១៩៨១-១៩៨៤)
-សមមិត្ដ ទេព ធន់ (១៩៨៤-១៩៨៧)
-សមមិត្ដ កែន សាវឿន (១៩៨៧-១៩៩១)
-លោក ម៉ៅ វារៈ (១៩៩១-១៩៩៩)
-លោក ធឹម ណាត (១៩៩៩-២០០៥)
-លោក សំ ថា (២០០៥-២០១៦)
-លោក ម៉ែន សារ៉ាន់ (២០១៦-បច្ចុប្បន្ន)