រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប

  • 274
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានលើកឡើងពីស្ថានភាពទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពនានាដែលរដ្ឋបាលខេត្តសម្រេចបានជាពិសេសក្នុងវិស័យអប់រំចាប់ពីឆ្នាំ២០១៥មកខេត្តស្វាយរៀង មានសិស្សទទួលបាននិទ្ទេស A ស្ទើរ ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០១៦ ដែលមិនមាន ហើយមានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ប្រចាំឆ្នាំ ជាមធ្យមចាប់ពី៧០%ឡើងទៅ​។

ឯកឧត្ត​ក៏បានថ្លែងនូវការអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ចំពោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដ៏ធំធេងចំពោះបុគ្គលិកសិក្សា មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងខេត្តស្វាយរៀងទាំងមូលនៅក្នុងបរិបទ នៃការអនុវត្តកម្មវិធីកំណែទម្រង់ និងការរីកចម្រើន នៃវិស័យអប់រំ នាពេលបច្ចុប្បន្ន ។ ហើយនេះក៏ជាកិត្តិយស ប្រកបដោយមោទកភាពដែលវិទ្យាល័យហ៊ុន សែន ប្រសូតិ ត្រូវបានក្រសួងជ្រើសរើសសម្រាប់ការរៀបចំពិធីបើកបវេសនកាលជានិមិត្តរូប នៅឆ្នាំនេះ ដែលមិនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាល័យ ឬស្រុកនោះទេ ប៉ុន្តែជាកិត្តិយសរបស់ខេត្តស្វាយរៀងយើងទាំងមូល និងក៏សរបញ្ជាក់ឲ្យឃើញពីគុណតម្លៃ និងការអភិវឌ្ឍរីកចម្រើននៅទីនេះ ។

ឯកឧត្តមបន្តថា អាស្រ័យដោយបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព៕

អត្ថបទទាក់ទង