រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោក ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា

  • 4
  • ដោយ Admin

រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ

នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ​ លោក ហម សារាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យ និងវាយតម្លៃសំណើសុំកាត់ឆ្វៀលដី ទំហំ ៦៧០ហិកតា ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋ ៤៤០គ្រួសារ ស្ថិតនៅឃុំ អំពិល ស្រុករមាសហែក។

កិច្ចប្រជុំ និងដំណើរការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត, លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកអភិបាលស្រុករមាសហែក, នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត, ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។

ការចុះពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ទីតាំងដីជាក់ស្តែង គឺធ្វើឡើងផ្អែកលើទិន្នន័យផែនទី និងស្ថានភាពកាន់កាប់ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងច្បាស់លាស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដីធ្លី ការពារសិទ្ធិកាន់កាប់ស្របច្បាប់។ ផ្អែកលើទិន្នន័យបច្ចេកទេស ក្រុមការងារចម្រុះបានធ្វើការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់លើព្រំប្រទល់ក្បាលដី និងទំហំអាស្រ័យផលជាក់ស្តែង ដើម្បីរៀបចំឯកសារនីតិវិធីស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២។

ក្នុងឱកាសនោះ គណៈអធិបតីក៏បានថ្លែងការកោតសរសើរចំពោះកិច្ចសហការយ៉ាងរលូនរវាងក្រុមការងារជំនាញថ្នាក់ជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តជំរុញដំណើរការនីតិវិធីរដ្ឋបាល និងបច្ចេកទេសឱ្យបានលឿន និងត្រឹមត្រូវបំផុតក្នុងការទទួលបានសុវត្ថិភាពដីធ្លីស្របច្បាប់ប្រកបដោយចីរភាព៕

អត្ថបទទាក់ទង