រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

  • 368
  • ដោយ Admin

នាព្រឹកថ្ងៃពុធ​ ៥កេីត​ ខែភទ្របទ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២២នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្ដម ឡាំ​ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអាគារ​ ឃ​ សាលាខេត្តស្វាយរៀង ។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន ឯកឧត្ដមអនុរដ្ឋលេខធិការ អគ្គនាយក អគ្គនាយករង ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកអធិការក្រុង ស្រុក លោក​ លោកស្រី​ មេឃុំ ចៅសង្កាត់ ប្រមាណជាង ៣៧០នាក់ ។

មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តមអភិបាលខេត្ត​បានបញ្ជាក់ថា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ​ ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការអនុវត្តវិធានការនានាដែលបានដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ជាពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គួបផ្សំនឹងការសម្រេចបាននូវភាពស៊ាំសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បាន ចំនួន ៤៩៨.៧៦១នាក់ ស្មើនឹង ១០៥,៥% ដែលបានធ្វើឲ្យការងារប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ក្នុងខេត្ត ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ដោយទប់ស្កាត់បានមិនឲ្យ មានការឆ្លងរាលដាលចូលទៅក្នុងសហគមន៍ បន្តទៀត ហើយនៅក្នុងខេត្តពុំមានអត្រាអ្នកឆ្លងថ្មីកើតឡើងទេ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ។

ឯកឧត្តម​អភិបាលខេត្តក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមចូលរួមអបអរសាទរ និងមាន សេចក្ដីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា ឯកឧត្ដម លោកជំទាវអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្ត ការងារក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាពដើម្បីជំរុញការអនុវត្តកម្មវិធីកំណែ ទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌ សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។

ឯកឧត្ដម​ ឡាំ​ ជា​ រដ្ឋលេខាធិការក្រសសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ជាពិសេស ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀង​យ៉ាងស្រស់បំព្រងផងដែរ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ៦៧៣ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក​ ប៉េង​ ពោធិ៍សា​ ឋានន្តរស័ក្តិឧត្តមអភិបាល ថ្នាក់លេខ៦​,លោក ម៉ែន​ អេង ឋានន្តរស័ក្តិ​ ឧត្តមមន្ត្រី ថ្នាក់លេខ៤​,​លោក​ សុខា​ រ៉ាម​ ឋានន្តរស័ក្កិវរមន្ត្រី​ថ្នាក់លេខ១​,លោកស្រី​ យក់​ ស៉ីណាត​ ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣​ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ៕

អត្ថបទទាក់ទង