រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្រុករមាសហែក

  • 670
  • ដោយ Admin

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១​ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ នៅឃុំក្រសាំង អណ្តូងត្របែក អំពិល និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ខណៈដែលសាលារៀនត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អំណោយដែលបានផ្តល់ជូននាពេលនេះ រួមមាន ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស ៣ បន្ទះ ថវិកាចំនួន ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះមធ្យមក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស ៣ បន្ទះ ថវិកាចំនួន ៥០,០០០ រៀល ឧបត្ថម្ភដល់អ្នករបួស ថវិកា ២០០,០០០ រៀល ។

គ្រួសាររងគ្រោះតិចតួចក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៦០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះ ឡើងវិញ និងប្រគេនដល់ព្រះសង្ឃ អង្ករ ៥០ គ.ក្រ ទឹកបរិសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទានមួយឈុតនិងបច្ច័យ ២០០,០០០ រៀល ។ ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ក្នុង ១ គ្រួសារ ថវិកា ១០០,០០០ រៀល អ្នករងគ្រោះមធ្យមក្នុង ១ គ្រួសារ ថវិកា ៤០,០០០ រៀល អ្នករងរបួស ថវិកា ២០០,០០០ រៀល ប្រគេនដល់ព្រះសង្ឃវត្តក្រសាំង សម្រាប់ចូលបុណ្យ កឋិនទាន ថវិកា ១ លានរៀល ៕

អត្ថបទទាក់ទង