រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍

  • 1.0ពាន់
  • ដោយ Admin

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ នាព្រឹកថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ២០២១នេះបានអញ្ជេីញចូលរួមអមដំណេីរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ កាលពីថ្ងៃម្សិលម៉ិញ ដែលស្ថិតក្នុងឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ផងដែរ ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយនោះទេ ។អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង អាវយឺត ១ ធុងទឹកជ័រ១ ក្រណាត់កៅស៊ូតង់១ ឆ្នាំងបាយ ឆ្នាំងសម្លរ ២ កន្ទឹលជ័តបត់១ ថវិកា ៣៥ម៉ឺនរៀល ។

ក្នុងឱកាសនោះ ក៏មានសប្បុរសជន បានចូលរួមចំណែកជាមូលនិធិ អបអរសាទរក្នុងឱកាស នៃខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ដើម្បីទ្រទ្រង់ដល់សកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលប្រឈមងាយរងគ្រោះនឹងមានទុក្ខលំបាកផ្សេងៗ រួមមាន ៖

១. លោកជំទាវកិត្តិសង្គហបណ្ឌិត ១០លានរៀល

២. ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងលោកជំទាវ ថវិកា ៥.០០០ដុល្លារ

៣.ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន និងលោកជំទាវ ថវិកា ១០លានរៀល

៤. លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ថវិកា ៥លានរៀល

៥. តារាកំប្លែង ពែកមី ថវិកា ១០លានរៀល

ដោយឡែកក្នុងថ្ងៃនោះផងដែរ លោកជំទាវក៏បានចូលបុណ្យសពដល់គ្រួសារ ដែលមានសមាជិកបានទទួលមរណភាពដោយសាឆក់ខ្សែភ្លើងកាលពីម្សិលម៉ិញផងដែរ។

អត្ថបទទាក់ទង