រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យស្ថានភាពតាមបណ្តាច្រកទ្វាព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិត

  • 2.0ពាន់
  • ដោយ Admin

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យស្ថានភាពតាមបណ្តាច្រកទ្វាព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិត ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពតាមនៅបណ្តាប៉ុស្តិ៍ការពារព្រំដែន និងច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិត រួមមានប៉ុស្តិ៍ការពារព្រំដែនធ្លក​ ច្រកការពារព្រំដែនកំពង់ស្ពាន​ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ ក្នុងនោះបានអញ្ជេីញពិនិត្យទីតាំងបន្ទប់ដាក់ម៉ាស៉ីនវាស់កម្ដៅពេលភ្ញៀវឆ្លងកាត់​ និងជួបសំណេះសំណាលជាមួយកងកម្លាំងវរៈសេនាតូចការពារព្រំដែន ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

ការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុងបាវិត មន្ត្រីចត្តាឡីស័ក និងកងកម្លាំងឈជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងដំណើរចុះពិនិត្យស្ថានភាពតាមបណ្តាច្រកព្រំដែនក្នុងភូមិសាស្រ្តក្រុងបាវិតនាថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីចត្តាឡីស័ក​ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ក្នុងការសម្របសម្រួលលើការដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន បញ្ចៀសបាននូវការកកស្ទះ ជាមួយនិងការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់ ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូល ជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ក្នុងគោលដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំគោលដៅប្រចាំការ និងល្បាតការពារនៅតាមខ្សែបន្ទាត់ព្រំដែន ចំនួន ៥៨គោលដៅ បន្ថែមទៀតផងដែរ៕

អត្ថបទទាក់ទង