រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ បានចែកគ្រាប់ពូជដាំណាំជូនប្រជាពលរដ្ឋចំនួន៧០គ្រួសារ នៅក្រុងស្វាយរៀង

  • 1.1ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍៤កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជដាំណាំដែលជាអំណោយរបស់សម្តេចតេជោ​ ជូនប្រជាពលរដ្ឋចំនួន៧០ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរពន្ធដាខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង​ លោកអភិបាលក្រុង លោកមេភូមិ ចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន​ សម្តេចតែងតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្តែងការ សោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ​ ជាមួយបងប្អូនប្រជាកសិករដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនារយះពេលកន្លងមកជាពិសេសនៅភូមិសាស្ត្រមួយចំនួនក្នុងក្រុងស្វាយរៀង។

ទន្ទឹមនេះ​ ក្នុងនាមអាជ្ញាធរមូលដ្ឋាន​ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលបាននាំយកពូជដំណាំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកចែកជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅថ្ងៃនេះ។

ជាចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ជាពិសេសត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។

ពូជដំណាំរបស់សម្តេចតេជោជូនដល់ប្រជាពលរដ្ឋទាំង៧០គ្រួសារ ក្នុងមួយគ្រួសារទទួលបានពូជដំណាំ៤មុខ និងថ្នាំសំលាប់មេរោគទៅលើទ្រុងសត្វ ព្រមទាំងថវិកា២ម៉ឺនរៀលដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

អត្ថបទទាក់ទង