រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោក ណុប ចំរើន អភិបាលក្រុង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង បាននាំមកនូវអំណោយចែកជូនដល់ជនងាយរងគ្រោះសរុប ចំនួន ២០ គ្រួសារ

  • 1.1ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង លោក ជួន ចន្ទរិទ្ធី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនដល់ជនងាយរងគ្រោះ (ចាស់ជរា ជនពិការ គ្រួសារមានជីវភាពខ្វះខាត និង គ្រួសារ មានជំងឺប្រចាំកាយ) សរុប ចំនួន ២០ គ្រួសារ ដែលក្នុងក្រុងស្វាយរៀង ។
មានប្រសាសន៍ ក្នុងឱកាសនោះ លោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោក ណុប ចំរើន បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ ឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយសារជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង ។


អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ២០ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ២៥ កញ្ចប់ ទឹកត្រី ៣ ដប ទឹកស៊ីអ៊ីវ ៣ ដប ទឹកដោះគោខាប់ ២ កំប៉ុង ចានស្រាក់ ១ បំពង់ទឹកក្ដៅ ១ កំសៀវតែ ១ឆ្នាំងបាយ ១ ខ្ទះឆា ១ ថាសជ័រ ២ ថវិកា ៤៥,០០០ រៀល ។

អត្ថបទទាក់ទង