រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង

  • 504
  • ដោយ Admin

នាព្រឹកថ្ងៃពុធ១៥កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដែលប្រព្រឹត្តិទៅនៅសាលប្រជុំអាគារ" ឃ"សាលាខេត្តស្វាយរៀង។

អញ្ជើញចូលរួមកក្នុងពិធីនេះមាន ឯកឧត្តម លោកប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកនាយកទីចាត់ការ-ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានស្នាក់ការព្រំដែនក្នុងខេត្ត និងលោក លោកស្រី អនុប្រធាន ប្រធាន ការិយាល័យ នៃមន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង សរុបវត្តមានចំនួន៩៦នាក់។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា អាស្រ័យដោយកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តមបន្តថា ក្រោយពីរបបប៉ុលពត បានដួលរលំ បានប្រែក្លាយយ៉ាងឆាប់រហ័សឲ្យខេត្តស្វាយរៀងក្លាយជាខេត្តឧស្សាហកម្មមួយដ៏សំខាន់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងទឹកដី នៃខេត្តស្វាយរៀង នៅឆ្នាំ២០០៥ ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ធានានាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។

ទន្ទឹមនេះ បើទោះបីជាបញ្ហាកូវីដ-១៩នៅតែបន្តនាពេលបច្ចុប្បន្ន វិស័យកសិកម្មក្នុងខេត្តស្វាយរៀង បាននិងកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែលសរបញ្ជាក់ឲ្យឃើញតាមរយៈលទ្ធផល នៃកំណើនបរិមាណផលទទួលបានពីផលិតកម្មសត្វ វារីវប្បកម្ម ការកើនឡើននូវការប្រើប្រាស់គ្រឿងយន្តកសិកម្ម ជាពិសេសផលិតផលពីដំណាំកសិ-ឧស្សាហកម្ម និងផលស្រូវដែលទទួលបានមានការកើនឡើងជាលំដាប់ ដែលស្ដែងឡើងតាមរយៈបរិមាណតុល្យភាពស្បៀងខ្ពស់លើសពីតម្រូវការ និងសល់សម្រាប់ការនាំចេញទៅកាន់ប្រទេសជិតខាង ហើយបច្ចុប្បន្នខេត្តក៏បានក្លាយជាមូលដ្ឋានផលិតបន្លែសុវត្ថិភាពដ៏ចម្បងផងដែរ សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ក្នុងស្រុក។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការប្រកបរបរកសិកម្ម និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ។

ទន្ទឹមនោះឯកឧត្តមបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពគ្រប់គ្រង ចំណេះជំនាញ និងបទពិសោធន៍​ ហេីយក្នុងបរិបទនៃស្ថានភាពជំងឺកូវិដ១៩ នេះ​ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍ផ្តាំផ្ញើរនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១-ត្រូវបន្ដប្រពៃណីសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានាឱ្យបានល្អប្រសើរ។
២-ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។
៣-ផ្ទេរបច្ចេកទេសទំនើបសមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា លើកកម្ពស់គុណភាពកសិផលដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការអនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត។
៤-ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់ស្តង់ដារអនាម័យនៅតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាមអនាម័យនៃកសិផលផ្សេងៗទៀតទាំងក្នុងស្រុក និងនាំចូលពីខាងក្រៅដើម្បីធានាសុខុមាលភាពសាធារណៈ។
៥-បន្តជម្រុញប្រជាពលរដ្ឋដាំនូវដំណាំណាដែលមានប្រយោជន៍ក្នុងផ្គត់ផ្គងទៅដល់ទីផ្សារ ដើម្បីទ្រង់ជីវភាពក្នុងកំឡុងពេលនៃផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ៕

អត្ថបទទាក់ទង