រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

រដ្ឋបាលស្រុករំដួលបានរៀបចំពិធីប្រកាសតែងតាំងចូលកាន់ដំណែងអភិបាលរង នៃគណៈអភិបាលស្រុក ក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត

  • 1.6ពាន់
  • ដោយ Admin

នារសៀលថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុករំដួលមានរៀបចំពិធីប្រកាសតែងតាំងចូលកាន់ដំណែងអភិបាលរង នៃគណៈអភិបាលស្រុករំដួល ក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត​ តំណាង ឯកឧត្តម ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្រ្តីដែលពាក់ព័ន្ធនានាជាច្រើនរូបទៀត ។

​មានប្រសាសន៍នៅក្នុងពិធីនេ ឯកឧត្តម​ រស់ ផា​រិទ្ធ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើ​ឲ្យ​ស្រុក​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​ទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដោយឡែក​ចំពោះ​ការតែងតាំង​មុខតំណែង​នៅថ្ងៃនេះ គឺជា​ដំណើរការ​រដ្ឋបាល​ធម្ម​តា ក្នុង​ការរៀបចំ​មុខតំណែង​មន្ត្រីរាជការ​ក្នុង​មុខងារសាធារណៈ ស្របទៅតាម​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ។​

​ឯកឧត្តមក៏បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់ៗ​ដូចជា​៖ ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ដោយ​ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។ បង្កើន​ការសហការ​ក្នុងការ​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង​។
បន្ត​ពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។ បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​នៅក្នុង​​ស្រុក ជាពិសេស​នៅតាម​ទីប្រជុំជន និង​នៅតាម​ដងផ្លូវ​សាធារណៈ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ស្រុក​។ បន្ត​ជំរុញ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។​

ទន្ទឹមនេះ មន្ត្រីរាជការ​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី និង​ប្រកាស​ចូលកាន់​មុខតំណែង នាពេលនេះ​ត្រូវ​បន្ត​បេសកកម្ម ចូលរួម​សហការ​ជាពិសេស​ត្រូវខិតខំ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​គោរព​តាម​ឋានានុក្រម ដឹកនាំ​ស្របតាម​ការបែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ឱ្យបាន​ល្អ ។

​សូមបញ្ជាក់​ផងដែរ​ថា តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៣៤៦៧ ប្រក ចុះ​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​ត្រូវបាន​ផ្ទេរ​ភារកិច្ច​លោក ចាប ណុល ឋានន្តរ​ស័​ក្កិ​នាយក្រមការ ថ្នាក់​លេខ​៣ ពី​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​រមាសហែក ឲ្យ​ទៅកាន់​មុខដំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​រំដួល ខេត្តស្វាយរៀង ៕

អត្ថបទទាក់ទង