រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រចំនួ ៥៤ គ្រួសារ ក្នុងស្រុករមាសហែក

  • 842
  • ដោយ Admin

នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ១៤ គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៣៩ គ្រួសារ សរុប ៥៤ គ្រួសារ មកពី ៣ឃុំ ក្នុងស្រុករមាសហែក គឺឃុំកំពង់ត្រាច អំពិល និងឃុំគគីរ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ប្រធាន អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រឹក្សាស្រុក និងលោកអភិបាល អភិបាលរងស្រុករមាសហែក ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងថា ទោះបីជំងឺកូវីដ១៩ មានការរីករាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

លោកជំទាវក៏បាន កោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ការយកចិត្តទុកដាក់ធ្វើចត្តាឡីស័កបានយ៉ាងហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

លោកជំទាវក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសយើងបានរកឃើញពលរដ្ឋកម្ពុជាមានផ្ទុកមេរោគកូវីដ១៩ ២ករណីបន្ថែមទៀត ដែលបានត្រលប់មកពីក្រៅប្រទេស។ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតក្នុងការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវីដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើឲ្យមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ) ។ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធភាពនូវភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង៥៤គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ ២ដុំ ក្រម៉ា ១ ម៉ាស់ ៦ ជែល ១ដប និងថវិកាធ្វើដំណើរ ចំនួន៤ម៉ឺនរៀល ផងដែរ ៕

អត្ថបទទាក់ទង