រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុកដល់មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ នៅស្រុកស្វាយជ្រំ

  • 605
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុកដល់មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ ដែលបាន ចូលរួម ក្នុងការទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ១៩ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

មានប្រសាសទៅកាន់ពិធីនេះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដោយបានលើកឡើងថា សម្តេចទាំងទ្វេរតែងតែគិតគូដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលទើបនិងកន្លងផុតថ្មីៗនេះដែរ។

លោកជំទាវក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងរដ្ឋបាលគ្រប់ស្រុក ពិសេស ស្រុកស្វាយជ្រំ ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ។

លោកជំទាវក៏បានក្រើនរំលឹកជូនដល់បងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិច ក្រោកការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១០នាក់ និងពុំមានអ្នកស្លាប់នោះទេ ចំណែកឯពិភពលោកកំពុងប្រឈមមុខនឹងយ៉ាងខ្លាំងអំពីការឆ្លង និងស្លាប់យ៉ាងកំហុក ដែលមកដល់ពេលនេះ អ្នកឆ្លងមានចំនួន ជាង ២លាន៧សែននាក់ អ្នកស្លាប់ជាង ១៩ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួន ៧៤ម៉ឺននាក់។

លោកជំទាវក៏បានស្នើឲ្យបងប្អូនទាំងអស់ត្រូវ ១.រក្សាស្រូវអង្ករ អំបិល ត្រីបម្រុងទុក្ខ ដោយមិនឲ្យខ្វះខាតឡើយ ២.ជម្រុញឲ្យប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យ កសិកម្ម ៣. ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល សារាចរណ៍ណេនាំរបស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល។

លោកជំទាវក៏បានសំណូមពរឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្ត និងថែរក្សាឲ្យបាន នូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ជាពិសេស អនុវត្តឲ្យបានតាមវិធានកាណ៍ចំនួន ៣ របស់សម្តេចតេជោបានដាក់ចេញ គឺ ទី១. ការទប់ស្កាត់មិន ឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា ទី២. ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

ជាចុងក្រោយ លោកជំទាវក៏បានឧបត្ថម្ភដល់ ១.ជូនសាលាស្រុកស្វាយជ្រំ អង្ករ៨៥០គីឡូក្រាម -ត្រីខ ២កេសធំ មី ៣កេស សាប៊ូ១កេសធំ អាល់កុល៣០លីត្រ ម៉ាស់ ៣០០ម៉ាស់ ២.ជូនប៉េអឹម យោធា នគរបាល ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ១០០គីឡូក្រាម ត្រីខ៥០កំប៉ុង មី៣កេសតូច សាប៊ូ ១កេសធំ អាល់កុល៣០លីត្រ ម៉ាស់២៥០ម៉ាស់ ៣.ជូនឃុំទាំង ១៦ និងមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដោយក្នុងមួយអង្គភាពទទួលបានអង្ករ៥០គីឡូក្រាម ត្រីខ ៥០កំប៉ុង មី២កេស សាប៊ូ១០០ដុំ អាល់កុល៣០លីត្រ ម៉ាស់២៥០ម៉ាស់ ៕

អត្ថបទទាក់ទង