នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានាមួយចំនួន នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ស្ថិតក្នុងភូមិសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក ឃុំ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១.៤០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក ។ លោកជំទាវបានបន្តទៀតថា អគារសិក្ស១ខ្នង ៤បន្ទប់ រួមជាមួយ សមិទ្ធផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង បានចំណាយថវិការសរុប ៧៥.០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧកញ៉ា ប៊ុន មុនី ប្រធានអង្គការស្ថាបនាសហគមន៍កម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ បានជួយកសាងអគារសិក្សានេះឡើង ដើម្បីបំពេញតម្រូវការរបស់សិស្សដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំ។ ការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបាន ចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុក្ខជាវិស័យអប់រំជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ និងបានធ្វើយ៉ាងណា ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន និងបង្ខិតជនបទឲ្យកៀកនឹងទីក្រុង។
លោកជំទាវក៏បានសំណូមពរឲ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។ ជាពិសេស ក៏សូមស្នើឲ្យលោកឧកញ៉ា ប៊ុន មុនី ឯកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា និងសប្បុរសជនដទៃទៀតបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ដទៃទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តស្វាយរៀងបន្តទៀត។
ជាទីបញ្ជប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បានដាំដើមឈើជានិមិត្តិ រូបផងដែរ។