នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈ ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំអាគារ "ឃ" សាលាខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹកស្រឡាញ់រាប់អាន។ លោកជំទាវ ក៏បានថ្លែងការកោតសសើរចំពោះសមិទ្ធផល និងលទ្ធផលការងាររបស់ខេត្តស្វាយរៀង ដែលសម្រេចបានកន្លងមកក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនេះលោកជំទាវបានសំណូមពរដល់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងអាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១- បន្តធ្វើវេទិការសារណៈជាខ្នាតតូចៗ បានឲ្យបានញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ ដើម្បីបានដឹងអំពីស្ថានភាពការលំបាក សំណូមពរ និងធ្វើការដោះស្រាយជូនពួកគាត់ទាន់ពេលវេលា។
២- ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីពួកគាត់។
៣- ត្រូវធ្វើការ និងពិភាក្សាគ្នាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត។ ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍មកថ្នាក់លើ។
៤- ត្រូវធ្វើឱ្យបានដូចអភិក្រមទាំងប្រាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវនា២ គឺ «កែទម្រងខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» ដែលត្រូវចងចាំជានិច្ច។
៥- ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។
៦- ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា ក្នុងវិស័យនយោបាយការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
៧-ត្រូវអប់រំសតិអារម្មណ៍ដល់ប្រជាជនពលរដ្ឋក្នុងមូលដ្ឋានទាក់ទិននឹងបញ្ហា EBA ព្រោះថា EBA គេនឹងដកទៅវិញ នៅពេលដែលប្រទេសក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍន៍។
៨- ក្រុមការងារត្រូវចុះតាមស្រុក គឺត្រូវចុះជួបជាមួយស្ត្រី ក្នុងទិវាខួបលើកទី១០៩ នៃទិវាអន្តរជាតិ ៨ មិនា ដែលនឹងឈានមកដល់នៅពេលខាងមុខ ស្របតាមទិសដៅរបស់រដ្ឋាភិបាលបានដាក់ចេញ៕