នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ មករា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានា និងលោក លោកស្រីនាយកទីចាត់ការទាំង៥របស់សាលាខេត្តស្វាយរៀងជាច្រើនរូបទៀត។
កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើសេចក្តីព្រាងរបៀបវារៈដូចជា
១- ការអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំ(២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់ខេត្តស្វាយរៀង។
២- សេចក្តីផ្សេងៗ។
ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ មានចក្ខុវិស័យរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺការក៏សាងរដ្ឋបាលឯកភាពមួយដែលរឹងមាំ រក្សានូវបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ជាសង្គមមួយដែលមានកោសិការផ្សារភ្ជាប់គ្នា និងត្រូវបានពង្រឹងដើម្បីធានាថាប្រជាជនក្នុងខេត្តស្វាយរៀង មានចំណេះដឹងខ្ពស់ មានសុខភាពល្អ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា ទាំងក្នុងរង្វង់គ្រួសារ ទាំងសហគមន៍ និងទាំងសង្គមជាតិទាំងមូល។