រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ខេត្តស្វាយរៀងប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០)

  • 940
  • ដោយ Admin

ខេត្តស្វាយរៀងប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០)

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) នៅបរិវេណសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ/អង្គភាព និងមន្ត្រីរាជការសាលាខេត្ត អាជ្ញាធរក្រុងស្វាយរៀង មន្ត្រីរាជការនៅទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និវត្តន៍ជន និងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណជាង៤.០០០នាក់ ។

ក្នុងឱកាសនោះ បន្ទាប់ពីអានសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានចែកអំណោយជូនដល់និវត្តន៍ជន ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល និងឃីតម្នាក់១កញ្ចប់។

អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែកខេត្តស្វាយរៀង ត្រូវបានរំដោះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបាន ហើយបច្ចុប្បន្ននេះសន្តិភាពជាឱកាសពេជ្រដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ដូចដែលយើងឃើញផ្ទាល់ភ្នែកនៅខេត្តស្វាយរៀង យើងត្រូវរួមគ្នាថែរក្សាសន្តិភាពដើម្បីពន្លឿនវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។

អត្ថបទទាក់ទង