រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ និងប្រគល់ភារកិច្ចនាយករដ្ឋបាលសាលាស្រុក

  • 799
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ប៉ុល សារិត និងលោក ប៊ូ សំអូន ជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ និងប្រគល់ភារកិច្ចលោក សុខ សារ៉ូត ជានាយករដ្ឋបាលសាលាស្រុក។

អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១៦ឃុំ តំណាងអង្គការ សង្គមស៉ីវិល វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់រួមមាន ការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
- បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
- ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការរបស់ស្រុក។
- បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដើម។
- ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដីរដ្ឋ និងទប់ស្កាត់ចំពោះការរំលោភយកដីចំណីផ្លូវសាធារណៈជាដើម។
- បង្កើនការសហការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជនស្រុក និងនៅតាមដងផ្លូវសាធារណៈនានា។
- ខិតខំរួមសហការសាមគ្គីភាពអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
- ត្រូវចុះដោះស្រាយបញ្ហានានា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។

អត្ថបទទាក់ទង