រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្និងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារស្នាក់នៅថ្មី និងផ្សព្វផ្សាយកសិកម្មតាស្អាង ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

  • 956
  • ដោយ Admin

នៅរសៀលថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងផ្សព្វផ្សាយកសិកម្មតាស្អាងមានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារស្នាក់នៅថ្មី និងផ្សព្វផ្សាយកសិកម្មតាស្អាង ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមគណៈអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដមបណ្ឌិត ផាក ហ៊ីងឃ្យុង (Dr Park Heung Kyung) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ព្រមទាំងមានអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រីអង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន៤០០នាក់។

ថ្លែងទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្ដមឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ។

ឯកឧត្តមបន្តថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានធ្វើឲ្យខេត្ត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ បច្ចុប្បន្នបាននិងកំពុងស្ដារ និងស្ថាបនាបន្ថែមនូវប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ជាពិសេសគម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រវ៉ៃគោ និងគម្រោងស្ដារប្រឡាយមេកីចក ដែលក្រោយពីសាងសង់រួច ប្រព័ន្ធធារាសាស្ត្រទាំងនេះ នឹងក្លាយជាសក្ដានុពលដ៏សំខាន់ជួយពង្រីកលទ្ធភាព នៃការស្រោចស្រព គាំទ្រដល់ការដាំដុះ និងការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ទាំងស្រូវរដូវប្រាំង និងស្រូវរដូវវស្សាឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ។

ទន្ទឹមនេះ អាស្រ័យដោយកត្ដាសន្តិភាព និងស្ថិរភាព ដែលជាផ្លែផ្កា នៃគោលនយោបាយឈ្នះ-ឈ្នះ គួបផ្សំនិងនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស រួមនឹងសក្ដានុពលរបស់ខេត្ត ដែលមានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃថោក មានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ជាតំបន់ខ្ពង់រាបដែលមិនលិចទឹក និងជាខេត្តជាប់ព្រំដែន មានចម្ងាយជិតទៅនឹងកំពង់ផែប្រទេសវៀតណាម បង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ជាមួយនិងតម្លៃថោកទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ បានធ្វើឲ្យខេត្តស្វាយរៀងក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសមានការកើនឡើងជាលំដាប់ ដែលរហូតមកដល់បច្ចុប្បន្ននេះ នៅទូទាំងខេត្តមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការ ៨កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ចំនួន ២០០កន្លែង និងមានសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម សរុបរហូតដល់ ២.៧៦៩មូលដ្ឋាន ដែលកំពុងមានសកម្មភាព រួមចំណែកដល់ការលើកកម្ពស់សមត្ថភាព និងផលិតភាពជាតិ សម្រាប់ការនាំចេញ ក៏ដូចជាបម្រើឲ្យការប្រើប្រាស់ក្នុងស្រុក និងបង្កើតទីផ្សារការងារជូនប្រជាពលរដ្ឋបានប្រមាណជា ៨ម៉ឺននាក់ ។

អត្ថបទទាក់ទង