រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ ពៅ សុភាព តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលអគ្គិភ័យបានឆាបឆេះផ្ទះនៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ

  • 710
  • ដោយ Admin

សាខាកក្រកខេត្តស្វាយរៀង៖មានអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងនៅវេលាម៉ោង ០៤:១៥ នាទី រសៀល ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៩ បណ្តាលមកពីបង្កាត់ភ្លើងនៅខាងក្រោយផ្ទះ បណ្តាលឲ្យ ផ្ទះទំហំ ៤X៦ ម សង់ពីឈើ ដំបូលប្រក់ស័ង្កី ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់ ។ នៅថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ចុះទៅសួរសុខទុក្ខ និងផ្តល់ជូន គ្រួសារដែលរងគ្រោះឈ្មោះ ម៉ៅ ម៉ាន អាយុ ៦៥ ឆ្នាំ រស់នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ។
ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ ។
អំណោយដែលបានផ្តល់ជូនមាន អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០០,០០០ រៀល ។

អត្ថបទទាក់ទង