រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន ដែលជាអំណោយរបស់អង្គការកូដូខ្មែរនៅប្រទេសបារាំង បានផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅឃុំអង្គតាសួស ស្រុកស្វាយជ្រំ

  • 499
  • ដោយ Admin

នៅថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន ដែលជាអំណោយរបស់អង្គការកូដូខ្មែរនៅប្រទេសបារាំង បានផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅឃុំអង្គតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា មនុស្ស ផ្លូវ ទឹក ភ្លើង ជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតគូរយកចិត្តទុកដាក់បំផុត ហើយដែលបានគូសរំលេចនៅក្នុងយុទ្ធសាស្ត្រចតុកោណក្នុងគ្រប់ដំណាក់កាល ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍនៅមូលដ្ឋាន។ ជាក់ស្តែងនៅស្រុកស្វាយជ្រំថ្ងៃនេះបានទទួលនូវ អណ្តូងទឹកស្អាតចំនួន ៣១អណ្តូង និង ឡជីវឧស្ម័ន ចំនួន ១៥ឡ បន្ថែមទៀត តាមរយៈ អង្គការកូដូខ្មែរនៅប្រទេសបារាំង ដែលដឹកនាំដោយ លោក អាំង ពិទូរ្យ ប្រធានអង្គការ គឺជាសក្ខីភាពមួយដែលបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាព និងស្មារតីចែករំលែករបស់សប្បុរសជន ដែលមានដើមកំណើតជាខ្មែរ ទោះនៅប្រទេសបារាំង ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា ក៏បងប្អូនយើងចង់ចូលរួមជាមួយរាជរដ្ឋាភិបាល សំដៅជួយក្នុងវិស័យសង្គម និងមនុស្សធម៌ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។

លោកជំទាវក៏បានកោតសសើរ និងលើកទឹកចិត្តដល់បណ្តាកសិករដទៃទៀត គួរយកគម្រូតាម លោក ជា សម្ផស្ស ជាកសិករគម្រូ គឺលោកបានទទួលអត្ថប្រយោជន៍ពីអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន ពិតជាបានជួយសម្រួលដល់ការប្រកបរបរកសិកម្មរបស់គាត់ដោយសារតែការធ្វើកសិកម្មខ្នាតតូចមែន ប៉ុន្តែមានលក្ខណៈវិលជុំ ដែលប្រៀបបានជាសង្វាក់ផលិតកម្ម គឺបានប្រើប្រាស់អស់សក្តានុពល នូវកាកសំណល់ពីលាមកសត្វ ដោយបានបង្កើតទៅជា ហ្គាស និងជីសម្រាប់ ប្រើប្រាស់ក្នុងវិស័យកសិកម្ម ។

លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ឡជីវឧស្ម័នវិញ ព្រោះវាបានជួយសន្សំសំចៃអុសធ្យូងបានប្រមាណ ២តោន ក្នុងមួយឡ ហើយឡជីវឧស្ម័ននេះក៏បានរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិកពីផលិតកម្មសត្វប្រមាណ ៤,៥តោន ក្នុងមួយឡ ក្នុងមួយឆ្នាំ ។ មិនត្រឹមតែប៉ុណ្ណោះ ទី១. អាចជួយដល់ការកាត់បន្ថយចំណាយលើការបំភ្លឺ និងមិនទិញជីគីមីប្រើប្រាស់លើដំណាំដោយបង្កើនជីធម្មជាតិស្រស់ទឹក និងគោក សម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម ដែលជួយប្រែគុណភាពដីកសិកម្ម ។ ទី២ ជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ កាតបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពី ឧស្ម័នមេតាន និងកាត់បន្ថយឧស្ម័នកាបូនិក។ ទី៣ ជួយកាត់បន្ថយក្លិនស្អុយពី ការចិញ្ចឹមសត្វ ដោយការតភ្ជាប់បង្គន់អនាម័យនឹងឡជីវឧស្ម័ន។ ទី៤ អ្នកប្រើប្រាស់មានពេលវេលាចូលរួមក្នុងសង្គម មានពេលវេលាធ្វើការផ្សេង ទៀតបាន មានភ្លើងបំភ្លឺផ្ទះពេលយប់ ជួយដល់ការរៀនសូត្ររបស់កូនចៅ កាត់បន្ថយបន្ទុកការងាររបស់ស្រ្តី និងកុមារ ដោយមិនចាំបាច់ចូលព្រៃរកអុសធ្យូង និងម្យ៉ាងទៀត បង្កើតបានការងារដល់អ្នកគ្មានការងារធ្វើក្នុងស្រុក តាមរយៈ ការបង្កើតឲ្យមាន ភ្នាក់ងារសាងសង់ឡជីវឧស្ម័ន ដែលកាត់បន្ថយការធ្វើ ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ៕

អត្ថបទទាក់ទង