នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញចូលរួមប្រជុំ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង។
ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត លោក លោកស្រីក្រុមការងារដែលពាក់ព័ន្ធ, លោកប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត, លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត, លោកអភិបាលក្រុងបាវិត,លោកចៅសង្កាត់ទាំង៥ ក្នុងក្រុងបាវិត រួមទាំងមន្ត្រី ដែលបានចូលរួមជាច្រើនរូបទៀត។
ឯកឧត្តម សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានថ្លែងថា វឌ្ឍនភាពរបស់ក្រុងបាវិតនាថ្ងៃនេះពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងតំបន់រោងចក្រសហគ្រាស តំបន់សេដ្ឋកិច្ចពិសេសទាំង១២ដែលកំពុងតែដំណើរការយ៉ាងសស្រាក់សស្រាំ ដែលជាកត្តាធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង មានការងារធ្វើគ្រប់ៗគ្នា និងមានជីវភាពសមរម្យក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនេះក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះទាំង៥រួមមាន:មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក៏បានរំលេចពីសេចក្តីត្រូវការកម្លាំងពលកម្មនៅក្នុងខេត្តស្វាយរៀង។ ឯកឧត្តម ម៉ែន អេង បានគូសបញ្ជាក់ផងដែរថា ក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២កន្លែង រោងចក្រសហគ្រាសចំនួន ១០០៣កន្លែង ដែលមានបងប្អូន កម្មករ កម្មការិនីកំពុងបម្រើការងារក្នុងរោងចក្រសហគ្រាសចំនួន ១៥ ម៉ឺននាក់។