និយ័តករធានារ៉ាប់រងកម្ពុជាបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតនៅខេត្តស្វាយរៀង
នារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥នេះ លោក សុខ រស់ អភិបាលរងអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងលោក ប៊ូ ច័ន្ទគីរូ អគ្គនាយកនៃ ន.ច.ក. និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.) បានអញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី "អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងអាយុជីវិត” ស្ថិតនៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីក្របខណ្ឌគោល-នយោបាយសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រង, ទិដ្ឋភាពទីផ្សារធានារ៉ាប់រង, អត្ថប្រយោជន៍របស់ផលិតផល ធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួលនិងដោះស្រាយបណ្តឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជននៅក្នុងខេត្តស្វាយរៀង ក៏ដូចជាតួនាទី និងភារកិច្ចរបស់ ន.ច.ក. ក្នុងការការពារផល ប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។
លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានមានប្រសាសន៍ថា សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងអាយុជីវិតមាន កាលកំណត់ ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ក្នុងការការពារកម្ចី និង ការការពារលើជំងឺធ្ងន់ធ្ងរ។
បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់ គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានា រ៉ាប់រង។សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់នៅសេវាធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួល និង ដោះស្រាយបណ្តឹងធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្តាលឱ្យប៉ះពាល់ ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមានបញ្ហាសុខភាព ពិការភាពទាំងស្រុង ឬបាត់បង់អាយុជីវិត៕