កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
នាព្រឹកថ្ងៃថ្ងៃចន្ទ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង៨ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណេីរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីជាអភិបាល អភិបាលរង ក្រុង/ស្រុក លោក លោកស្រី មេឃុំចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តជាច្រេីនរូបទៀត។
មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនដោយសង្ខេប អំពីលទ្ធផលការងារ សំខាន់ៗ ដែលរដ្ឋបាលខេត្ដស្វាយរៀង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង សម្រេចបាននៅឆ្នាំ២០២៤ ជាពិសេសក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច វិធានការគន្លឹះទាំង៥ និងផ្អែកលើ ផែនការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំ រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងគាំទ្រពីក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្ត មានការអភិវឌ្ឍរីកចំរើន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទប់។
លោកជំទាវបណ្ឌិតសភាចារ្យប្រធានក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការកោតសសេីចំពោះក្រុមការងាររាជរដ្ឋាភិបាលដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសេីនៅក្នុងមូលដ្ឋាន ក្រោមគោលនយោបាយយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ កម្មវិធីនយោបាយអទិភាពទាំង៦ និងវិធានការគន្លឹះ នៃកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងបានសហការជាមួយមូលដ្ឋានបានសំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយ ឆ្លើយតប បញ្ហាប្រឈម សំណើរ សំណូមពរនានានៅមូលដ្ឋាន ជាពិសេសពាក់ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។