រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ របស់រដ្ឋបាលខេត្តស្វាយរៀង

  • 25
  • ដោយ Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍១៣រោច ខែកក្តិក ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា​ និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.រដ្ឋបាលក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យកែសម្រួលជួសជុលផ្លូវដែលមានការខូចខាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។

២. រដ្ឋបាលក្រុង ​ស្រុក​ ត្រូវពិនិត្យនិងធ្វេីការប្រមូលទុកដាក់សម្រាមអោយបានត្រូវដេីម្បីសោភ័ណ្ឌភាពទីក្រុងឬស្រុកដែលគ្មានសម្រាម។

៣. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព​ ដូចជាការបង្ក្រាបរាល់ល្បែងស៉ីសងគ្រប់ប្រភេទ​ និងបញ្ហាក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។

៤.មន្ទីរវប្បធម៌​ និងវិចិត្រសិល្បះខេត្ត​ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យការពារការចុះបញ្ជីដីទីទួលបុរាណ្យដែលជាសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ។

៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់។

៦.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព។

៧.អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន និងទប់ស្កាត់ការទន្ទ្រានយកដីចំណីព្រែក ទន្លេ បឹងបួរ និងទីទួលបុរាណ ដែលជាសម្បត្តិរបស់រដ្ឋឱ្យមានប្រសិទ្ធភាព។

៨.អាជ្ញាធរក្រុង-ស្រុកត្រូវសហការជាមួយពន្ធដាខេត្តដេីម្បីពិនិត្យនិងជម្រុញដល់ម្ចាស់ផ្ទះជួុលធ្វេីការបង់ពន្ធកាតទុកឲ្យបានត្រូវតាមច្បាប់កំណត់។

អត្ថបទទាក់ទង