រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅសាលាស្រុកចន្ទ្រា

  • 24
  • ដោយ Admin

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤​ ឆ្នាំ២០២៤​ នៅស្រុកចន្ទ្រានាព្រឹកថៃ្ងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ​ ប្រាក់​ ពុទ្ធី​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងឯកឧត្តម​ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម សុខា​ រ៉ាមអភិបាលរងខេត្ត តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​​ អភិបាលខេត្ត​ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកចន្ទ្រា។

វេទិការនេះមានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោក​ លោកស្រី​ មេឃុំ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៣៨០នាក់។

ឯកឧត្តម​ សុខា​ រ៉ាម​ អភិបាលរងខេត្តបានបង្ហាញពីវឌ្ឍនភាពនិងទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត​ និងបានបញ្ជាក់ថា​ វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ២០២៤ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកចន្ទ្រា​ យកមកធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និង សំណូមពរ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។

លោកជំទាវ​ ប្រាក់​ ពុទ្ធី​ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានានៅក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។

សូមជម្រាបជូនថា​ គោលបំណងវេទិកាក្រុមប្រឹក្សាខេត្ត​ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ បានផ្តល់នូវឱកាស ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង៕

អត្ថបទទាក់ទង