រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង

  • 76
  • ដោយ Admin

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយ​រៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប។

ពិធីនេះមានការចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកស្រី XING GUANGLU នាយិកាវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ Qingdoa Technical College នឹងលោក ជៀន រឹនសង នាយករោងចក្រសៃលុន ខាតថាយអឺរ ខេមបូឌៀ ឯ.ក។

លោក មុត ចិន្តា បានលើកឡើងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនខាតថាយអឺ បានចុះអនុស្សរណៈយោគយល់គ្នាម្តងរួចមកហើយជាទ្វេរភាគី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ក្រុមហ៊ុនខាតថាយអឺរ បានផ្តល់ឱ្យវិទ្យាស្ថាននូវអាហារូបករណ៍សម្រាប់ និស្សិត ការផ្តល់នូវសម្ភារ និងកិច្ចសហការបណ្តុះបណ្តាលបណ្តាលរួមគ្នា ព្រមទាំងផ្តល់នូវការចុះកម្មសិក្សា និងការងារដល់សិស្សនិស្សិតដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល និងការងារផ្សេងៗទៀត។

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា: ក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចកំពុងដំណើរការចំនួន៩ និងតំបន់ជាច្រើនទៀត ត្រៀមបើកដំណើរការ ដែលមានរោងចក្រសហគ្រាសសរុបចំនួន ៣០៣រោងចក្រ សហគ្រាស កំពុងដំណើរការផលិតកម្ម ដែលស្រូបកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០០,០០០នាក់ ក្នុងនោះផងដែរ កម្លាំងពលកម្មជំនាញពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងគុណភាព និង ផលិតភាពការងារ។

ឯកឧត្តម ម៉ែន អេង បន្តថា: ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ការចុះអនុស្សរណៈយោគយល់គ្នា នាពេលនេះ ស្ថិតក្នុងជាឱកាសល្អបំផុត ដែលកម្ពុជាកំពុងមានតម្រូវការចាំបាច់ក្នុងការបំពេញបន្ថែម នូវបច្ចេកទេសថ្មីៗពីប្រទេសរីកចម្រើនដូចជាមិត្តចិន។ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ជាវិទ្យាស្ថានតែមួយគត់ដែលដើរតួជាអ្នកបណ្តុះបណ្តាលជំនាញនាំមុខនៅខេត្តស្វាយរៀង ហើយពិតជាត្រូវការជំនួយបន្ថែមទាំងធនធានរូបវន្ត ធនធានហិរញ្ញវត្ថុ និងធនធានបច្ចេកទេស។

ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត ក៏សូមស្នើដល់ភាគីទាំងបី មានវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈឈីងតាវ និងក្រុមហ៊ុនខាតថាយអឺរ ឯ.ក បន្តសហការគ្នា និងធ្វើការជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពល្អ ដើម្បីលើកកម្ពស់ភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសគឺបង្កើនលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមតម្រូវការងារ ក្នុងខេត្តស្វាយរៀង និងតម្រូវការរីកចម្រើននៃបច្ចេកវិទ្យា៕

អត្ថបទទាក់ទង