រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន បានអញ្ជេីញចូលរួម​ពិធីសំណេះសំណាល និងចែក អំណោយជូនដល់ គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ

  • 138
  • ដោយ Admin

នារសៀលថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុ​មប្រឹក្សាខេត្តស្វាយរៀង​និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួម​ពិធីសំណេះសំណាល និងចែក អំណោយជូនដល់ គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ដល់ព្រញសង្ឃគង់ចាំព្រះវស្សាចំនួន ១៣វត្ត ដែលបានរៀបចំនៅក្នុងវត្តស្វាយព្រហូត ស្ថិតនៅ ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សនៃព្រះរាជាណាចក្រ កម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត ពាំនាំនូវការសាក​សួរ​សុខ​ទុក្ខ ពីសំណាក់ សម្តេច អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន​ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ដោយក្តីនឹករលឹក និងការគិតគូរ យកចិត្តទុក្ខ ដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ​កម្ពុជានៅគ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា អំណោយសប្បុរសនៅក្នុងថ្ងៃនេះ គឺជាទឹកចិត្ត និងសទ្ធាជ្រះថ្លា របស់ លោកស្រី ជួន សុធារ៉ា និងក្រុមគ្រួសារ តាមរយ: លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ដែលបានរួមសហការគ្នា ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំថ្ងៃនេះ គឺជាការតបស្នង ជាការគោរពនិងដឹងគុណ និង ការផ្សារភ្ជាប់នូវក្តីអាណិត ស្រឡាញ់រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ នៅក្នុងពិធីសំណេះសំណាលនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវ ៖

1.សូមប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព

2.ចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ចូលរួមគោរព ច្បាប់ ចរាចរណ៍​ និងជៀសផុតពីគ្រឿងញៀន

3.ប្រជាពលរដ្ឋត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនការចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា​ គោ ក្របី ត្រី ។ល។ ដើម្បីបង្កើនចំណូល ប្រចាំថ្ងៃសម្រាប់គ្រួសារ ។

4.សូមព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ន នៅគ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីកហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ គំនិតផ្តួចផ្តើមប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃ គង់ចាំព្រះវស្សាដល់វត្តចំនួន ១៣វត្ត នៅក្នុងស្រុកស្វាយជ្រំ ៕

អត្ថបទទាក់ទង