រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ

  • 64
  • ដោយ Admin

នៅព្រឹកថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២៤​នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីអបសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤​ ស្ថិតនៅអនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំ ដែលរៀបចំដោយមន្ទីរ សង្គមកិច្ច​ និងអតីតយុទ្ធជនខេត្ត។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោក លោកស្រី ប្រធានមន្ទីរ ជុំវិញខេត្ត​ សប្បុរសជន មកពីសមាគម​ន៍​អ្នកវិនិយោគសហគ្រាសនៅកម្ពុជាលោកអភិបាលស្រុកស្វាយជ្រំ​ លោក លោកស្រី មន្ត្រីមន្ទីរស.អ.យខេត្ត​ លោក លោកស្រី មន្ត្រីរដ្ឋបាលស្រុកស្វាយជ្រំ​ អង្គការ កុមារក្នុងគ្រួសារលោក លោកស្រី អាជ្ញាធរឃុំឈើទាល​ លោក លោកស្រី តំណាងសមាគមអ្នកវិនិយោគកម្ពុជា ប្រចាំខេត្តស្វាយរៀង​ លោក អ្នកគ្រូ សិស្សានុសិស្ស និងអ្នកថែទាំកុមារតាមសហគមន៍ ប្រមាណ ៥៦៨នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា​ ថ្ងៃនេះជាខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ​ គឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងជាការរួមគ្នាទប់ស្កាត់នូវអំពើហិង្សា និងថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសិទ្ធិកុមារទាំងនៅកម្ពុជា និងនៅលើសកលលោក។

ឯកឧត្តម​បន្តថា​ ការប្រារព្ធទិវានេះ​ ជាការអប់រំដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាលនៃសិស្ស អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហិង្សា និងការជួញដូរកុមារ និងការប្រើប្រាស់នូវអំពើផ្សេងៗទៀតទៅលើកុមារនៅក្នុងមូលដ្ឋាន​។ ដូច្នេះ​ សូមផ្តាំផ្ញេីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ​ឲ្យក្លាយជាសិស្សល្អ​ កូនល្អ​ នូវក្នុងសង្គម ជៀសឲ្យឆ្ងាយពីអំពេីអបាយមុខផ្សេងៗ​ ដូចជាក្មេងទំនេីង​ បញ្ហាគ្រឿងញៀន​ ល្បែងស៉ីសងខុសច្បាប់ជាដេីម​ ក្នុងនោះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ ហេីយពេលធ្វេីដំណេីរត្រូវពាក់មួយសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានអាននូវសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី ការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២៤នេះផងដែរ។

ជាចុងបញ្ចប់នៃពិធីនេះដែរ​ ឯឧត្តមអភិបាលខេត្តនិងលោកជំទាវបានផ្តល់ជូននូវសម្ភារ​ និងថវិកាមួយចំនួនរួមមាន​៖​ កុមារចូលរួម​ ម្នាក់ៗទទួលបាន​ ១ម៉ឺនរៀល​ លោកគ្រូអ្នកគ្រូ​ ម្នាក់ៗ ៤ម៉ឺនរៀល​ អ្នកថែទាំកុមាររងគ្រោះ​ ម្នាក់ៗ​ ២ម៉ឺនរៀល​ សរុបថវិកា​ និងចំណាយផ្សេងៗ​ចំនួន ៦,២៧០,០០០រៀល។

អត្ថបទទាក់ទង