រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា

  • 57
  • ដោយ Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលេីកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលេីកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានស្នាក់ការស៊ីបការណ៍ខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសេី​ ជាពិសេសរក្សាបាននូវសន្តិសុខសុវត្ថិភាពល្អក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក ប្រព្រឹត្តិទៅដោយរលូន។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។

២- អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ត្រូវសហការបង្ក្រាបរាល់ក្មេងទំនើងទាំងអស់ដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។

៣. បន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។

៤.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

៥.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព។

៦.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យតាមដានបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួននៅលើបណ្តាញសង្គម និងធ្វើការឆ្លើយតប។ ទន្ទឹមនោះត្រូវខិតខំដោះស្រាយទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

៧.អាជ្ញាធរក្រុង-ស្រុក រហូតដល់មូលដ្ឋានត្រូវតាមដានពិនិត្យទប់ស្កាត់រាល់ការទន្ទ្រានកាន់ដីរដ្ឋដោយខុសច្បាប់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីទុកជាសម្បត្តិរដ្ឋឱ្យកូនចៅជំនាន់ក្រោយ។

អត្ថបទទាក់ទង