រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងស្វាយរៀង​ និងនាយករដ្ឋបាលសាលាក្រុង

  • 103
  • ដោយ Admin

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងស្វាយរៀង​ និងនាយករដ្ឋបាលសាលាក្រុង

នាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សាអភិបាលខេត្តបានអញ្ចើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក រស់ វាសនា ជាអភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង និងលោក សាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង។ឯកឧត្តម ហែម ពិសិដ្ឋ មានប្រសាសន៍ថា ជំនួសមុខ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាកឯកភាពរដ្ឋបាលខេត្តស្វាយរៀង សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររដ្ឋបាលក្រុង-ស្រុក គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និយាយដោយឡែកចំពោះរដ្ឋបាលក្រុងស្វាយរៀង ដែលខិតខំបំពេញការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងការរៀបចំសម្អាតបរិស្ថាន-អនាម័យបានល្អនៅតាមទីសាធារណៈក្នុងក្រុង ដើម្បីជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលបានជួយបង្ករលក្ខណៈល្អប្រសើរជាច្រើនជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរកំសាន្ត ជួបជុំគ្រួសារ បងប្អូន ក៏ដូចជាការទៅទីកន្លែងសក្ការៈនានា ព្រមទាំងបានជួយសម្របសម្រួលរៀបចំទីកន្លែងលេងកំសាន្តបង្កភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋ នាថ្ងៃបុណ្យចូលឆ្នាំថ្មី កន្លងផុតទៅប៉ុន្មានថ្ងៃនេះ។ដើម្បីពង្រឹងប្រសិទ្ធភាពការងារឯកឧត្តមបានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុងឱ្យកាន់តែមានភាពល្អប្រសើរ។

២.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។៤. រដ្ឋបាលក្រុង ត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាម សេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ មានតួអង្គស្នូល ចំនួន០៥ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ រួមមាន៖ - មេឃុំ-ចៅសង្កាត់ - ស្មៀនឃុំ-សង្កាត់ - ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ - មណ្ឌលសុខភាព និង មេភូមិ ។

អត្ថបទទាក់ទង