រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីបើកសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តស្វាយរៀង

  • 20
  • ដោយ Admin

ពិធីបើកសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ នាសាលប្រជុំធំអគារ "ឃ"សាលាខេត្ត ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ម៉ក់ សម្បត្ដិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធធានាគារ)។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រតិភូសវនកម្មក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ដ លោកប្រធានពន្ធនាគារខេត្ដ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោកនាយករដ្ឋបាលសាលាក្រុង/ស្រុក លោកអធិការនគរបាលក្រុង/ស្រុក លោកនាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដជាតិបាវិត ព្រៃវល្លិ៍ និងសហការី លោក លោកស្រីមេឃុំ ចៅសង្កាត់ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ឃុំ សង្កាត់ សរុបប្រមាណ២២៣នាក់។

ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត មានប្រសាសន៍ថា ថ្ងៃនេះជាកិច្ចប្រជុំដ៏សំខាន់សម្រាប់ការងារសនវកម្មផ្ទៃក្នុង​ ព្រោះត្រូវបានចាត់ទុកថា​ ជាការងារអាទិភាពមួយដ៏មានសារៈសំខាន់ និងទទួលបានការយកចិត្ដទុកដាក់យ៉ាងខ្លាំង ហើយការអនុវត្ដកិច្ចការនេះ បានក្លាយជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា ។ ទន្ទឹមនោះ ជាកិច្ចការដែលមានភាពឯករាជ្យ និងជាមុខងាររបស់ស្ថាប័ន ដែលបានផ្ដល់នូវគុណតម្លៃបន្ថែម និងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចប្រតិបត្ដិការនានារបស់ស្ថាប័ននីមួយៗ ដែលជួយឱ្យសម្រេចនូវគោលបំណង តាមរយៈការពិនិត្យមើល និងវាយតម្លៃនូវកិច្ចដំណើរការនានា នៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងអភិបាលកិច្ចរបស់ស្ថាប័ន ។

ឯកឧត្តមបន្ថែមថា ភាពប្រសើឡើងពីមួយជំហាន ទៅមួយជំហាន តាមរយៈការខិតខំសិក្សារៀនសូត្របន្ថែម នូវរាល់វិធានច្បាប់នានាដែលបានដាក់ចេញ និងការទទួលយកនូវការផ្ដល់ជាគំនិត យោបល់ បទពិសោធន៍ ពីមន្រ្ដីជំនាញ ជាពិសេស ត្រូវហ៊ានទទួលស្គាល់កំហុស និងកែកំហុស ដើម្បីអភិវឌ្ឍន៍សមត្ថភាពជំនាញ និងស្ថាប័នរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនោះការងារសវនកម្ម ជាផ្នែកមួយដ៏មានសារសំខាន់បំផុត ដែលមិនអាចខ្វះខាតបាន ក្នុងការកែតម្រូវ និងកែលម្អចំណុចអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត ឈានទៅលុបបំបាត់កំហុសឆ្គងនាពេលខាងមុខ និងជាការដាស់តឿនដល់មន្រ្ដីរាជការ ឱ្យខិតខំសិក្សាឈ្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ដែលបានដាក់ចេញថ្មីៗជាបន្ដបន្ទាប់ ជៀសវាងអនុវត្តតាមវិធីសាស្រ្ដដដែលៗ ដែលពុំសមស្របទៅនឹងការវិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ច សង្គម និងសកលលោក ។

ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា នៅក្នុងបរិបទនៃដំណើរការផ្លាស់ប្ដូរបន្ដិចម្ដងៗ ឬទំនើបកម្មរដ្ឋបាលសាធារណៈនេះ ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅក្នុងការរៀបចំតាក់តែង និងការអនុវត្តជាប្រព័ន្ធ នូវកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ពិតជាមានភាពចាំបាច់ណាស់ នៅក្នុងខណៈដែលរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែត្រូវបានផ្តល់នូវ សិទ្ធិអំណាចច្រើនឡើងៗ តាមរយៈការផ្ទេរមុខងារ និងការទទួលខុសត្រូវ ពីថ្នាក់ជាតិ ជាក់ស្ដែងសិទ្ធិអំណាចនៅក្នុង ក្របខ័ណ្ឌនៃការអនុវត្តថវិកា កម្មវិធីដែលកំពុងត្រូវបានអនុវត្ត ជាជំហានៗ។

ឯកឧត្តមបន្តថា ស្ថិតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម ស្នើឱ្យរដ្ឋបាលគ្រប់ថ្នាក់ គ្រប់អង្គភាព ចូលរួមផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ដើម្បីឲ្យដំណើរការនៃការ ធ្វើសវនកម្មនេះប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អប្រសើរ និងទទួលយកនូវអនុសាសន៍នានាដើម្បីកែលម្អ ដល់គ្រប់គ្រងដឹកនាំរបស់អង្គភាពនីមួយៗកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង