រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន អេង បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងព្រំដី ចុះជាលក្ខណៈប្រព័ន្ធ

  • 39
  • ដោយ Admin

ឯកឧត្តម​ ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប៉េង ​ពោធិ៍សា​ អភិបាលខេត្ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំង របស់ក្រុមហ៊ុនអានម៉ាឌី ស្ថិតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីពិនិត្យព្រំដី ចុះជាលក្ខណៈប្រព័ន្ធលោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង បានឲ្យដឹងថា ដើម្បីចុះដីធ្លីលក្ខណៈជាប្រព័ន្ធ

បានយើងត្រូវបញ្ជាក់ជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន​ ដើម្បីកុំឲ្យមានបញ្ហាអ្វី ទៅថ្ងៃក្រោយថាមិនដឹង។ ហើយចំពោះដីធ្លី ដែលត្រូវចុះជាលក្ខណៈប្រព័ន្ធទាំងនោះ ដាច់ខាតត្រូវតែបើកឲ្យមានផ្លូវ និងប្រឡាយទឹកបញ្ជាក់ទីតាំងដីរដ្ឋ, ដីឯកជនឲ្យបានច្បាស់លាស់ ទាំងទំហំដីទីតាំងជាក់ស្តែងផងដែរ។លោកបានឲ្យដឹងបន្តទៀតថា មិនត្រឹមតែអាជ្ញាធរនៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងអ្នកសារព័ត៌មាន ក៏ត្រូវដឹងពីការចុះបញ្ជីដីធ្លី ដោយបើកចំហផងដែរ មិនមានការលាក់បាំងនោះឡើយ ដោយមានការប្រកាសបិទផ្សាយ ក៏ដូចជាការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអាជ្ញាធរ ភូមិ ឃុំ នៅមូលដ្ឋានជៀសវាងប្រជាពលរដ្ឋ ឬក៏មជ្ឈដ្ឋានផ្សេងៗគាត់មានចម្ងល់។

ជាក់ស្តែងដីរបស់ក្រុមហ៊ុនអានម៉ាឌី ដែលទទួលបានសិទ្ធវិនិយោគ ពីរាជរដ្ឋាភិបាលនាពេលកន្លងមក មានចំនួន១៤០០ហិកតា តែក្រោយពីក្រុមការងារជំនាញចុះពិនិត្យវាស់វែងជាក់ស្តែង មានចំនួន១,៣៧៤ហិកតា ជាដីសល់ក្រោយពីកាត់ជាប្រឡាយទឹក, ផ្លូវរួម និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ តាមស.ជ.ណ លេខ០១នៅពេលដែលក្រុមនិស្សិតស្ម័គ្រចិត្ត ចុះមកធ្វើការវាស់វែងកំឡុងឆ្នាំ២០១២ ដែលដីរបស់ក្រុមហ៊ុននេះ បានដាំដំឡូងមី, អំពៅ និងកៅស៊ូ។

លោកប្រធានមន្ទីរ បានបន្ថែមទៀតថា ក្រៅពីនេះចំពោះប្រជាពលរដ្ឋ ដែលបានដាក់សំណើរ ដើម្បីកាន់កាប់ដីរបស់រដ្ឋនោះ ក្រុមការងារ នឹងយកសំណើទាំងនោះ យកទៅពិភាក្សាគ្នានៅសាលាខេត្ត ដោយមានតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត ជាអ្នកសម្រេចដោះស្រាយដោយហេតុថា ខាងមន្ទីរសុរិយោដីខេត្ត ពុំមានសិទ្ធក្នុងការកាត់ដីរដ្ឋ ចែកជូនប្រជាពលរដ្ឋនោះទេ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានថ្លែងថា មូលហេតុដែលក្រុមការងារចុះមកថ្ងៃនេះ គឺដោយសារខាងក្រុមហ៊ុន គេបានធ្វើសំណើទៅរដ្ឋបាលខេត្ត ដើម្បីឲ្យខេត្តកំណត់ព្រំដីច្បាស់លាស់ ងាយស្រួលចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដូច្នេះហើយនាពេលកន្លងមករដ្ឋបាលខេត្ត ក៏បានបើកកិច្ចប្រជុំស្ថាប័នជំនាញក្រោមឱវាទ ដើម្បីពិនិត្យសម្រេច។

ពេលនេះ ជាលើកទី២ហើយ ដែលមន្ត្រីជំនាញ បានចុះមកដល់ទីតាំងដីផ្ទាល់របស់ក្រុមហ៊ុន ដើម្បីពិនិត្យវឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពជាក់ស្តែង ធ្វើកំណត់ព្រំដីប្រមូលទិន្នន័យព័ត៌មាន ដើម្បីបិទផ្សាយធ្វើរបាយការណ៍ទៅរដ្ឋបាលខេត្តប្រជុំ ហើយឲ្យខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកធ្វើការសម្រេច។ឯកឧត្តម​អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ចំពោះអត្ថប្រយោជន៍ នៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធគឺ

ទី១៖ មានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងក្បាលដី ដោយប្រើប្រាស់ម៉ាស៊ីន D.G.P.S ដែលមានប្រព័ន្ធទំនើបក្នុងការផ្ដល់ទិន្នន័យបានច្បាស់លាស់,

ទី២៖ ផ្ដល់នូវសិទ្ធិកាន់កាប់ចាត់ចែងអាស្រ័យផលស្របច្បាប់,

ទី៣៖ ទទួលបានសិទ្ធិការពារដោយផ្លូវច្បាប់តាមមាត្រាទី ៤៤ ជាពិសេសគឺបានកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លី។

ដោយឡែកដីដែលនៅសេសសល់ក្រៅពីនេះ ខាងមន្ទីរនិងមន្ត្រីជំនាញបាននឹងកំពុងចុះស្រង់ស្ថិតិ ដើម្បីកំណត់ព្រំធ្វើការវាស់វែងជាបន្តបន្ទាប់នៅពេលក្រោយ៕

អត្ថបទទាក់ទង