រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពបាសាក់ថ្មី

  • 160
  • ដោយ Admin

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពបាសាក់ថ្មី ស្ថិតក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ

នាព្រឹក ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពបាសាក់ថ្មី ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការ រីកចម្រើនវិស័យសុខាភិបាលខេត្ត ស្វាយរៀង ជាក់ស្តែងវត្តមានរបស់ មណ្ឌលសុខភាព បាសាក់ថ្មីនេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាយុទ្ធសាស្រ្តដ៏យូរអង្វែងរបស់រាជរដ្ឋាភិបាលក្រោម ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក កែវ ឆាន និង លោកស្រី អេង ផាន់យ៉ា ព្រមទាំងក្រុមគ្រួសារ និង លោក គុជ ស៊ីថា ព្រមទាំងសប្បុរជនជាច្រើន នាក់ទៀតបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកាន់តែ ប្រសើរឡើងថែមទៀតប្រព័ន្ឋសុខាភិបាលនៅកម្ពុជា។គួររំលឹកផងដែរថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសុខភាពបាសាសក់ថ្មីនេះ រួមមាន ៖ អគារមានកម្ពស់ ០១ជាន់ មានទំហំ ១៦ម៉ែត្រ x៩.៥ម៉ែត្រ ក្រាលសាបបេតុង ធ្វើរបង សួនច្បារ ដងទង់ជាតិ បំពាក់ម៉ាស៊ីនត្រជាក់ និងបរិក្ខាពេទ្យ ដែលចំណាយថវិកាសាងសង់អស់ ជិត ៩ម៉ឺនដុល្លារ ។

ថ្លែងក្នុឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរជូនដល់បុគ្គលិក សុខាភិបាលត្រូវ ៖

១.បុគ្គលិកពេទ្យដែលកំពុង​ធ្វើ​ប្រតិបត្ដិការ ​ផ្ដល់​សេវា​លើការសង្គ្រោះ និងពិនិត្យ ព្យាបាល​ជម្ងឺជូនប្រជាជន សូមប្រកាន់ខ្ជាប់នូវ ​ក្រម​សីលធម៌​វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិត​ស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមក​ទទួល និង​ប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ ទាំងអស់ត្រូវបន្តការខិតខំអនុវត្ត ភារកិច្ច របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់​ ផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការកា​រ​ពា​រសុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។

២.សូមបុគ្គលិក​ពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ​ និងចូលរួមថែរ​រក្សា អនាម័យទាំងសម្ភារៈបរិក្ខាពេទ្យ និងទីធ្លា ពេទ្យទាំង​មូល​​ជាប្រចាំ៕

អត្ថបទទាក់ទង