រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ​

  • 95
  • ដោយ Admin

នៅថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤​ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ​ យុវជន​ សិស្សានុសិស្ស​ មកពីគ្រួសារក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី១ នៅឃុំត្រពាំងស្តៅ​ ស្រុក​រមាសហែក​ ខេត្តស្វាយរៀង​។

ពិធីនេះមានការអញ្ជេីញចូលរួមពី លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង​ លោកអនុប្រធានមន្ទីរការងារ​ លោក​ អភិបាលរងស្រុករមាសហែក​ លោក​​មេឃុំត្រពាំងស្តៅ​ លោក​ប្រធានមជ្ឃមណ្ឌលទីផ្សារការងារ​ សមាសភាពដែលពាក់ព័ន្ធ​ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានថ្លែងអំណរគុណចំពោះពុកម៉ែបងប្អូន​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលស្តាប់​ និងទទួលយកចំណេះដឹងពីថ្នាក់ដឹកនាំ​ និងក្រុមការងារ​ សម្រាប់កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET 1.5M។

ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ឱ្យដឹងថា: ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាព ការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់និយោជិក កម្មករផងដែរ។ កម្មវិធីបណ្តុះ ប ណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ផ្តល់ឱកាសដល់យុវជន យុវនារី ដែលបានសិក្សាតិចតួចនៅសាលាចំណេះដឹងទូទៅ ឱ្យមានឱកាសសិក្សារៀនសូត្រ ទាំងជំនាញ បច្ចេកទេស និងជំនាញរស់នៅប្រចាំថ្ងៃផងដែរ ជាពិសេសក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងអាចបន្តការ សិក្សាកម្រិតទី២ បន្តទៀតប្រសិនបើមានបំណងចង់សិក្សាបន្ត។ កម្មវិធីនេះជាចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម​បន្ថែមថា​ ប្រជាពលរដ្ឋ៣៤០០០(បីមុឺនបួនពាន់នាក់)ក្នុងខេត្តស្វាយរៀង នឹងមានឱកាសបានចូលរៀននៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង «រៀនមានប្រាក់ខែ»។ ហេីយអ្វីដែលសំខាន់សម្រាប់បងប្អូនពុកម៉ែ​គឺ​ថា​ តំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រសហគ្រាសរាប់រយកំពុងត្រូវការបងប្អូនកូនក្មួយយេីងចូលធ្វើការតាមចំណេះជំនាញដោយទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។

អត្ថបទទាក់ទង