រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំពីវឌ្ឍនភាព និងការធ្វើបច្ចុប្បន្នភាពលើកិច្ចការបង្ក្រាបល្បែងស៊ីសងខុសច្បាប់

  • 87
  • ដោយ Admin

ឯកឧត្តម​ សេង សីលា និងឯកឧត្តម​ ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានបើកកិច្ចប្រជុំពីវឌ្ឍនភាព និងការធ្វើបច្ចុប្បន្នភាពលើកិច្ចការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានក្រុងបាវិត នាសាលាក្រុងបាវិត​ ខេត្តស្វាយរៀង​ នៅរសៀលថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ​។

ឯកឧត្តម​ សេង សីលា បានលើកឡើងថា គណៈកម្មការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវពង្រឹងកិច្ចការបង្ក្រាបបែងស៊ីសងគ្មានច្បាប់នៅក្នុងមូលដ្ឋាន ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់បទបញ្ជាឱ្យរដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវគិតគូរ និងយកចិត្តទុកដាក់អំពីបញ្ហាល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន។ ជាមួយនេះរដ្ឋបាលខេត្តស្វាយរៀងនាពេលកន្លងទៅថ្មីៗនេះ ក៏បានធ្វើការប្រជុំផ្សព្វផ្សាយរួចហើយ ដូច្នេះ នៅតាមបណ្ដាក្រុងស្រុកទាំងអស់ ត្រូវធ្វើយ៉ាងណាចុះពិនិត្យតាមដាន ដើម្បីធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពជាក់ស្ដែង នៅក្នុងមូលដ្ឋានរបស់ខ្លួនក្រោយពីការណែនាំ និងចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃរួចមក។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឱ្យដឹងថា ក្រោយពីបានទទួលផែនការណែនាំពីគណៈកម្មការល្បែងថ្នាក់ជាតិ និងទទួលបានការណែនាំពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ រដ្ឋបាលក្រុងបាវិត បានធ្វើការប្រជុំផ្សព្វផ្សាយជាមួយមន្ត្រីពាក់ព័ន្ធទាំងអស់នៅមូលដ្ឋាន ដោយបានធ្វើការស្រង់ស្ថិតិទីតាំងល្បែងស៊ីសងអនឡាញ ក្នុងមូលដ្ឋានក្រុងទាំងមូល ជាលទ្ធផលសរុបមានចំនួន ៤០ទីតាំង ដោយបានណែនាំធ្វើកិច្ចសន្យាជាមួយតំណាងក្រុមហ៊ុនរួចរាល់ហើយ។

លោកថា ចំពោះកិច្ចការទាំងអស់ខាងលើ នាពេលកន្លងមកខាងអាជ្ញាធរក្រុង ក៏មានការលំបាកដែរ ដោយសារគេលេងតាមប្រព័ន្ធទូរសព្ទដៃ ជាហេតុធ្វើឱ្យពិបាកក្នុងការបង្ក្រាប។ យ៉ាងណាមិញ នាពេលកន្លងទៅថ្មីៗនេះរាជរដ្ឋា ភិបាលបានជំរុញឱ្យរដ្ឋបាលរាជធានីខេត្ត ធ្វើការត្រួតពិនិត្យឡើងវិញចំពោះអ្នកបើកល្បែងផ្សងសំណាងទាំងនោះដាច់ខាតត្រូវតែមានអាជ្ញាប័ណ្ណទើបអនុញ្ញាត។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលក៏បានដាក់ចេញនៅបទបញ្ជាឱ្យគណៈកម្មាការល្បែងថ្នាក់ជាតិ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីសិក្សាពីទីតាំងជាក់ស្ដែងមុននឹងចេញអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រកបអាជីវកម្ម។ កន្លងមកនៅពេលដែលអាជ្ញាធរចុះធ្វើការបង្ក្រាបខាងក្រុមហ៊ុនតែងបានយកអាជ្ញាប័ណ្ណរបស់គាត់ ថតចម្លងរួចបិទនៅតាមសាខា ដោយមិនមានបញ្ជាក់ទីតាំងច្បាស់លាស់នោះឡើយ។ ដូច្នេះ វាជាកិច្ចការលំបាកមួយសម្រាប់អាជ្ញាធរនៅពេលចូលបង្ក្រាបម្ដងៗ។

ទន្ទឹមគ្នានេះដែរ​ ឯកឧត្តម​ ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក៏បានលើកឡើងដែរថា រាល់បញ្ហាទាំងអស់ខាងលើនេះត្រូវទុកពេលឱ្យពួកគាត់រត់ទៅរកប៉ុស្តិ៍សេវា ដោយឱ្យបញ្ជាក់ទីតាំងច្បាស់លាស់ដើម្បីឱ្យអាជ្ញាធរដឹងឮ។ ព្រោះថា នៅពេលកន្លងមកខាងក្រុមហ៊ុនគេពុំដែលមកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាននោះទេ ដែលវាជាហេតុធ្វើឱ្យពិបាកក្នុងការគ្រប់គ្រង និងបង្ក្រាបនៅរាល់បញ្ហាទាំងអស់ខាងលើនេះ។ ជាពិសេស ទីតាំងដែលហាមឃាត់ដូចជា ក្បែរសាលារៀន វត្តអារាម និងមន្ទីរពេទ្យជាដើម។

ឯកឧត្តមបានបន្តថា ចំពោះបញ្ហាដែលនៅសេសសល់ត្រូវបន្តចុះត្រួតពិនិត្យណែនាំនៅតាមក្នុងផ្ទះប្រជាពលរដ្ឋតែម្ដង ដើម្បីកុំឱ្យមានហានិភ័យពីតូចទៅធំ រហូតដល់អ្នកខ្លះហ៊ានយកប្លង់ដីក្នុងផ្ទះទៅបញ្ចាំដែលវាបង្កទៅជារឿងមួយដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃព្រោះតែបញ្ហាល្បែង។ ជាលទ្ធផល នៅពេលនេះក្រុងបាវិតទទួលបានការកោតសរសើរពីថ្នាក់ជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយអំពីការបង្ការ បង្ក្រាបបញ្ហាល្បែងស៊ីសងគ្មានច្បាប់ ដោយមិនឱ្យមានការរីកដុះដាលបន្តទៀតនោះទេ៕

អត្ថបទទាក់ទង