រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវ

  • 479
  • ដោយ Admin

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២៤-២០៣០ នៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីលោកសាស្ត្រាចារ្យជំនួយ ដោរ សីហា អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក លោក ប៉ុល សម្បត្តិ ប្រធានអង្គការមូលនិធិថែទាំភ្នែក(ECF)កម្ពុជា លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាល លោក-លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងអស់លោក លោកស្រីតំណាងអង្គការជាតិ និងអន្តរជាតិ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា: សម្រាប់ការអនុវត្តរបស់មន្ទីរសុខាភិបាល យោងតាមផែនការយុទ្ធសាស្រ្តជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ ២០២១-២០៣០ ដែលត្រូវបានបង្កើតចេញជារូបរាងឡើងក្នុងគោលដៅ "ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកឱ្យនៅត្រឹម ០,៣៥% នៅឆ្នាំ២០៣០”។ យុទ្ធសាស្រ្តជាតិទី៣សម្រាប់ គ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ ២០២១-២០៣០ បានដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ ហើយផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២៤ ដល់ ២០៣០ ក៏ត្រូវបានរៀបចំតាក់តែងដោយ មានការចូលរួមពីមន្ត្រីសុខភាពភ្នែក មន្ទីរសុខាភិបាល និង រដ្ឋបាលខេត្ត ដែលបានផ្តល់បច្ចេកទេសដោយកម្មវិធីជាតិសុខភាពភ្នែក ផ្អែកលើបញ្ហា ការប្រឈម និង ភាពចាំបាច់នានា ផ្តោតលើគោលដៅយុទ្ធសាស្ត្ររួម ត្រូវធ្វើឲ្យសេវាសុខភាពភ្នែកដែលមានគុណភាព តម្លៃសមរម្យ និងវិសាលភាពទូលំទូលាយ។

ឯកឧត្តម ម៉ែន អេង បានថ្លែងនូវការកោតសរសើរ​ និងអបអរសាទរចំពោះសមិទ្ធិផលដែលខេត្តស្វាយរៀង ទទួលបានទាំងការបម្រើសេវាសុខភាព ជាពិសេសសុខភាពភ្នែកជូនប្រជាពលរដ្ឋនៅតាមសហគមន៍នៅក្នុងខេត្ត។ ផែនទីបង្ហាញផ្លូវនេះ ជាមូលដ្ឋានគ្រឹះសម្រាប់យកទៅបង្កើតជាផែនការប្រតិបត្តិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តនូវការផ្ដល់សេវាសុខភាពថែទាំព្យាបាលសុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងនៅគ្រប់ទិសទីក្នុងខេត្ត។

អត្ថបទទាក់ទង