រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម យ៉េត វីណែល

  • 218
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលអញ្ជើញមកបំពេញបេសកកម្មនៅខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី-ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈប្រតិភូ មកពីអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រតិភូមកពីបណ្ដាក្រសួងពាក់ព័ន្ធ ឯកឧត្តមអភិបាលរងខេត្ដស្វាយរៀង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូតំណាងឱ្យរដ្ឋបាលរាជធានី ខេត្ដពាក់ព័ន្ធ និងប្រតិភូមកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ដទាំង២៥។

មានមតិស្វាគមន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញបេសកម្មនៅខេត្តស្វាយរៀងនាពេលនេះ ហើយឯកឧត្តមក៏បានបញ្ជាក់ជូនអំពីស្ថានភាពទីតាំងភូមិសាស្ត្រ និងតំបន់សក្ដានុពលសំខាន់ៗ ព្រមសមិទ្ធផលនានា​ ដែលរដ្ឋបាលខេត្តសម្រេចបានជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង ដែលជាប្រភពបង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋ និងជួយជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ជីវភាពរស់នៅ ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីភាពអំណោយផល នៃភូមិសាស្ត្រខេត្ត និងយុទ្ធសាស្ត្រសំខាន់ៗរបស់រដ្ឋបាលខេត្តបានដាក់ចេញកន្លងមកទៅលើការគាំទ្រសម្របសម្រួល និងគាំពារអ្នកវិនិយោគ ឲ្យមានដំណើរការប្រកបដោយភាពសុខុដុម ដែលជាកត្តាមួយដ៏សំខាន់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគិនមកបណ្ដាក់ទុនបង្កើតក្រុមហ៊ុន រោងចក្រសហគ្រាសនៅក្នុងខេត្តស្វាយរៀងមានការកើតឡើងជាបន្តបន្ទាប់។

ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានបន្ថែមថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គ្រប់ជ្រុងជ្រោយ និងរយៈពេលវែង ដើម្បីកែលម្អរជាជំហានៗ ក្នុងនោះបានបញ្ជ្រាបការយល់ដឹងអំពីទិដ្ឋភាពរួម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើទស្សនទាននៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សមិទ្ធផលគន្លឹះ,យុទ្ធសាស្ត្រកែទម្រង់គន្លឹះៗ និងទិសដៅកែទម្រង់ក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤ ចំគោលដៅនិងមានប្រសិទ្ធភាព។

ជាចុងបញ្ចប់នៃពិធីនេះឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ កុំព្យូទ័រ និងសៀវភៅពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ជូនដល់ឯកឧត្តមអភិបាលខេត្ត និងថតរូបអនុស្សាវរីយ៍ផងដែរ។

អត្ថបទទាក់ទង