រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អបអរសាទរ ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ លើកទី៨

  • 291
  • ដោយ Admin

អបអរសាទរ ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លើកទី៨

នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លើកទី៨។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្នងការនគរបាលខត្ត​ លោកមេបញ្ជាការរងកងកម្លាំងទាំង៣​ ឯកឧត្តម លោក​ លោកស្រី​ ប្រធានមន្ទីរ​-អង្គភាព​នានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យស្វាយរៀង លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសទាំង០៧ និងក្រុមការងារអគ្គិភ័យស្ម័គ្រចិត្តទាំង០៧សង្កាត់ សរុបវត្តមាន ៣៣០នាក់។

ឯកឧត្តមអភិបាលរងខេត្តបានធ្វើការផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖

១,ត្រូវផ្សព្វផ្សាយជាសាធារណៈ នូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ។

២,ត្រូវចាត់តាំងឲ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា។

៣,ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្ការ និងពន្លត់អគ្គីភ័យ ជាពិសេស ត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ នៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារធំៗដូចជានៅក្រុងបាវិតជាដេីម។

៤,ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គីភ័យទាំងអស់ ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឲ្យបានគ្រប់គ្រាន់។

៥,ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹងកន្លែងឲ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ។

៦,គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យនានា ដែលអាចកើតឡើងបានទាន់ពេលវេលា។

៧,នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឲ្យអស់លទ្ធភាព។

៨,មន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើសូកប៉ាន់នៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ។

៩,កម្លាំងជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

១០,អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឲ្យមានរៀបចំរក្សាផ្លូវ ដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យ អាចចេញចូលបាន ហើយករណីនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឲ្យបានត្រឹមត្រូវ។

អត្ថបទទាក់ទង