រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការរៀបចំដែនដីខេត្ត

  • 192
  • ដោយ Admin

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម មាន វណ្ណនី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការរៀបចំដែនដីខេត្តស្វាយរៀង២០២៤ - ២០៤៤ និងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងបាវិត ដែលបានរៀបចំប្រព្រឹត្តទៅនៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង។

ឯកឧត្តម​អភិបាលរងខេត្តមានប្រសាសន៍ថា​ ផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្ដោតជាសំខាន់លើរបៀបវារៈធានា ប្រសិទ្ធភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រម ’ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម ’ជវភាព នៃប្រព័ន្ធតួអង្គតែមួយ”។

ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគរូបនីយកម្ម សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋា-ភិបាលផ្ដោតអាទិភាពលើ ៥ ចំណុច ដោយក្នុងនោះការងារកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការពង្រឹងសមត្ថភាពអនុវត្តការងារកសាងផែនការរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នៅទូទាំងរាជធានី-ខេត្ត ការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព និងការរៀបចំទីក្រុង ជាពិសេស ពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុងវៃឆ្លាត ឬទីក្រុងបៃតង ឬទីក្រុងដែលគួរឱ្យចង់រស់នៅ គឺជាកិច្ចការដ៏ចម្បងមួយផងដែរ ហើយដែលទាមទារឲ្យយើងត្រូវមានការរៀបចំផែនការឲ្យបានល្អប្រសើរ ច្បាស់លាស់ មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ គិតគូរបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយយចក្ខុវិស័យ បម្រើឲ្យផលប្រយោជន៍រួម ឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្ថែមថា​ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ទាក់ទងនឹងការងាររៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់ សម្រាប់ជាគុណប្រយោជន៍ដល់ប្រទេសជាតិទាំងមូល រដ្ឋបាលខេត្តស្វាយរៀង នឹងចូលរួមសហការ សម្របសម្រួល និងគាំទ្រនូវរាល់សកម្មភាពនានារបស់មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវអនុវត្តនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ។

អត្ថបទទាក់ទង