រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សន្និបាទបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តស្វាយរៀង

  • 221
  • ដោយ Admin

អស់រយៈពេល​ពេញមួយថ្ងៃក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់រដ្ឋបាលខេត្តស្វាយរៀង​ ស្ថិតក្រោមអធិបតីភាពឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅរសៀលថ្ងៃទី៨ ខែមករា ​ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ អភិបាលខេត្តបានមានប្រសាសន៍ណែនាំបំពេញបន្ថែមលេីបទអន្តរាគមន៍​ និងដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដល់អាជ្ញាធពាក់ព័ន្ធមានដូចខាងក្រោម៖

-ត្រូវខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់​​រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយអាទិភាពទាំង៦ ឲ្យទទួលបានលទ្ធផលល្អ ប្រកប​ដោយប្រសិទ្ធភាព ។

-ត្រូវរួមគ្នាការពារនូវសន្តិភាព ពង្រឹងនូវគុណតម្លៃនៃសន្តិភាព និងរួមគ្នាប្រឆាំងឲ្យបាន​ដាច់ខាត​ទប់ស្កាត់ការប៉ុនប៉ងទាំងឡាយណា ដែលមានបំណងបំផ្លាញនូវសន្តិភាព ។ចំណុចនេះ ក៏សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ចែងធ្វើការផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា ឲ្យបានទូលំទូលាយ និងជ្រួតជ្រាបទៅដល់បងប្អូនប្រជាពលរដ្ឋ បានយល់ ដឹងនូវខ្លឹមសារដ៏មានតម្លៃនៃសន្តិភាព និងរួមគ្នាការពារឲ្យបាន ។

-ត្រូវបន្តថែរក្សា​ការពារ​នូវ​ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឲ្យបានជាអតិបរមា តាមរយៈការជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។

-ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្ត​​ច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ជាមួយនិងការបន្តប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងនៅមូលដ្ឋាន ។

-អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ ​ត្រូវបង្កលក្ខណៈងាយស្រួល និងសហការឲ្យបានស្អិតរមួតជាមួយអង្គភាពប្រមូលពន្ធ ក្នុងការ​ប្រមូល​ពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការកំណត់ ។

-ត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកប​ដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ។

-រដ្ឋបាលក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពនៅតាមបណ្ដាមូលដ្ឋាន ដោយមានការគិតគូរយកចិត្តទុកដាក់​បន្ថែមក្នុងការពង្រីកគម្របបៃតង តាមរយៈការជំរុញចលនាដាំដើមឈើនៅតាមដងផ្លូវ ទីក្រុង និងប្រជុំជន ។

-គ្រប់អង្គភាពពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ផ្នែកហេដ្ឋារចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ពីគុណភាព ។

-រដ្ឋបាលក្រុង ស្រុក ត្រូវបន្តជំរុញល្បឿននៃការដោះស្រាយទំនាស់ដីធ្លី ឬការទាមទាររបស់ប្រជាពលរដ្ឋពាក់ព័ន្ធ​​នឹងដីធ្លី ព្រមទាំងសហការ និងគាំទ្រដល់ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈ​​ប្រព័ន្ធឲ្យទទួលបានលទ្ធផលជោគជ័យ ។

-ត្រូវមានវិធានការរដ្ឋបាល និងវិធានច្បាប់ឲ្យបានតឹងរ៉ឹងបំផុត និងទប់ស្កាត់ឲ្យ​បាន​ទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ ការទន្ទ្រានចាប់យកដីព្រៃខុសច្បាប់ ការសាងសង់សំណង់ផ្សេងៗ​​រំលោភ​​លើដីចំណីផ្លូវ និងការចាក់ដីចូលព្រែក ស្ទឹង ទន្លេ បឹងបួរដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិឯកជន៕

អត្ថបទទាក់ទង