រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាឲ្យទៅរដ្ឋបាលក្រុង-ស្រុក

  • 124
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាឲ្យទៅរដ្ឋបាលក្រុង-ស្រុក ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ​-អង្គភាព​ពាក់ព័ន្ធ លោកអភិបាលក្រុង-ស្រុកទាំង៨ និងលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុកទាំង៨ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំជាច្រើនរូបទៀត ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ទាំងនៅក្នុងអណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែជំរុញដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឲ្យបង្កើនល្បឿនក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតការផ្ដល់សេវា និងការអភិវឌ្ឍឲ្យកាន់តែកៀកប្រជាពលរដ្ឋ ស្របតាមទិសដៅ និងចក្ខុវិស័យ ដែលមានកំណត់នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា ការប្រគល់មុខងារក្នុងវិស័យអប់រំចំនួន៣ មកឲ្យរដ្ឋបាលក្រុង ស្រុក រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ ដូចដែលយើងកំពុងរៀបចំដំណើរការផ្ទេរបុគ្គលិកនាពេលនេះ ជាការបើកទំព័រសករាជថ្មីមួយទៀត នៃលទ្ធផលកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរមុខងារ ធនធាន និងការគ្រប់គ្រងចាត់ចែងលើវិស័យ និងផ្នែកនេះ មកឲ្យរដ្ឋបាលក្រុង ស្រុក ដែលរាជរដ្ឋាភិបាលចាត់ទុកថាជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិសមស្របបំផុតសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាក្នុងកម្រិតបឋមសិក្សាចុះក្រោម ប្រកបដោយប្រសិទ្ធភាព គុណភាព ស្របតាមគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីសិក្សា និងស្ដង់ដាសេវាអប់រំដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដើម្បីជាការចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តមុខងារដែលបានផ្ទេរនេះឱ្យមានប្រសិទ្ធភាព មានដូចខាងក្រោម ៖

១-សូមឲ្យមន្ទីរមុខងារសាធារណៈ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រៀបចំនូវវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលក្រុង ស្រុក អំពីគោលការណ៍ បែបបទ និងនីតិវិធីគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក បន្ទាប់ពីដំណើរការផ្ទេរនេះ។ ២-សូមឲ្យមានការរៀបចំនូវយន្តការគាំទ្រឲ្យបានច្បាស់លាស់ ដោយមានការចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរមុខងារសាធារណៈ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលាពាក់ព័ន្ធនឹងការអនុវត្តមុខងារ ដែលបានផ្ទេរនេះ ។

៣-ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុកទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់លើការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយ គោលការណ៍ នីតិវិធី និងស្តង់ដាដែលបានកំណត់ និងត្រូវរៀបចំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីមុខងារ តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឲ្យទាំងនេះ ឲ្យបានជ្រួតជ្រាបដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ។

អត្ថបទទាក់ទង