រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ​ យក់​ ស៊ីណាត បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស

  • 225
  • ដោយ Admin

នៅថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ លោកជំទាវ​ យក់​ ស៉ីណាត​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣​ ក្រោមប្រធានបទ”បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិមិនដើម្បីជួញដូរមនុស្ស”។

លោកជំទាវមានប្រសាសន៍ថា​ ក្នុងនាមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ពិតជាមានសេចក្តីរំភើប និងសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាអធិបតី ក្នុងឱកាសប្រារព្ធទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស នាពេលនេះ។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយឋាមពល និងសក្តានុពល ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត​ យ៉ាងមុះមុត ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាន និងកំពុងតែយាយី បំផ្លាញដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិផងដែរ។

លោកជំទាវបានអំពាវនាវដល់លោក លោកស្រីជាប្រធានមន្ទីរ អង្គភាព ស្ថាប័ន រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន សូមពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យបានម៉ត់ចត់ ពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ជួញដូរមនុស្ស លើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យបានល្អ ពង្រឹងការ អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ បង្កើនការផ្ដល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះឲ្យបានត្រឹមត្រូវ​ ពិសេសផ្ដល់ឯកសារតាមផ្លូវច្បាប់ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេសឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការដែលនាំឲ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ ។ទន្ទឹមនេះ​ សូមគ្រប់ស្ថាប័ន្ថអង្គភាពពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលដែលបាន និងកំពុងធ្វើការងារក្នុងគោលដៅ ប្រឆាំងអំពើជួញដូរមនុស្ស នឹងនៅតែបន្តកិច្ចសហការឲ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេសដែលត្រូវបាន ឧក្រឹដ្ឋជនជួញដូរ និងកេងប្រវ័ញ្ចតាមគ្រប់រូបភាព៕

អត្ថបទទាក់ទង